ជនមានពិការភាព ៤៧៥នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តា លវិជ្ជាជីវៈជនមានពិការភាពភ្នែក នៃសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ ផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្ត។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសប្បុរសជនជាច្រើនរូប អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ផ្តល់អំណោយមនុស្ស ធម៌ជាលើកទី១៥ (ចាប់តាំងពីឆ្នាំ២០១៤) រួមជាមួយការរៀបចំអាហារសាមគ្គីដ៏ឆ្ងាញ់ពិសា ១ពេល ជូនដល់ជនមានពិការភាពចំនួន ៤៧៥នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែង លើកគុណតម្លៃផ្ទាល់ខ្លួន តាមរយៈការប្រព្រឹត្តនូវអំពើល្អ ឬអំពើទាំងឡាយណាដែលជាគុណប្រយោជន៍របស់សង្គម ជាតិ ជាពិសេសការប្តេជ្ញាចិត្តបណ្តុះនូវគុណតម្លៃផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ហើយដែលសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់នៃការជួយឧបត្ថម្ភគាំទ្រពីកាកបាទក្រហមកម្ពុជា ដល់សមាគមតម្ត្រីសំនៀងជនពិការ ចាប់តាំងពីឆ្នាំ២០១៤ រៀងមក ដែលរួមមានការឧបត្ថម្ភជាស្បៀងអាហារ សម្ភារប្រើប្រាស់ ថវិកាសម្រាប់សាងសង់អគារស្នាក់នៅ។ ការគាំទ្រខាងផ្លូវចិត្តជាដើម បានឆ្លុះបញ្ចាំងពីបរិយាបន្នសង្គម គឺធ្វើយ៉ាងណាឱ្យជនមានពិការភាពទាំងនេះ ទទួលបាននូវការគោរព ទទួលបានសិទ្ធិសេរីភាពក្នុងការរស់នៅ ហើយទទួលបាននូវផលដែលជាចំណែកនៃការអភិវឌ្ឍ និងសុខសន្តិភាពដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែទទួលផ្លែផ្កានាពេលនេះ និងពេលអនាគត។
លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុង ជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់កូនៗចៅៗមានពិការភាពទាំងអស់ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោក ចាប តូ តំណាងឱ្យជនមានពិការភាពទាំងអស់ បានអះអាងថា «យើងខ្ញុំជាជនមានពិការភាពទាំងអស់ ពិការតែកាយ តែបេះដូងមិនពិការឡើយ។ យើងខ្ញុំមានបេះដូង មានទឹកចិត្ត មានការតស៊ូ ចេះជួយខ្លួនឯង និងជួយអ្នកដទៃ ហើយអាចចូលរួមក្នុងកិច្ចការងារសង្គមបាន ជាពិសេសចូលរួមក្នុងការការពារសុខសន្តិភាព។
លោកជំទាវ ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការគោរពដឹងគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីការរស់នៅ បានបញ្ចប់នូវការលំបាកដល់ជនដែលមានពិការភាពភ្នែកនៃសមាគមតន្ត្រីសំនៀងជនពិការ ឱ្យកូនក្មួយមានអគារស្នាក់នៅ មានគ្រែគេងស្អាត មានផ្លូវថ្នល់ចេញចូល មានសិទ្ធិសេរីភាពពេញ លេញ មិនដើរជួលផ្ទះ មិនដើរសុំទានគេ មិនដើរច្រៀងតាមចិញ្ចើមថ្នល់ ជាពិសេសបានផ្តល់កន្លែងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពជនមានពិការ ភាពដូចពេលនេះ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) លើកទី១៥នេះ រួមមាន ៖ អង្ករ ២តោន, មី ៥០កេស, ត្រីខ ៥០០កំប៉ុង, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ទឹកសុទ្ធ ៣០កេស, ទឹកក្រូច ៣០កេស, សាប៊ូដុសខ្លួន ២៥កេស, អាហារសាមគ្គី ១ពេល និងថវិកាចំនួន ១០លានរៀល៕





