ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន១៨៤នាក់ ទៅចូលរួមបំពេញ បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋលីបង់ ដើម្បីប្តូរវេនកម្លាំងចាស់ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញកាលពីល្ងាចម្សិលមិញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយាន្តដ្ឋានអន្តរជាតិ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងជូនដំណើរកងម្លាំងរក្សាសន្តិភាពខាងលើនេះ បានថ្លែងថា កងអនុសេនាធំវិស្វកម្មពហុជំនាញនិងទៅបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់ គឺជាកងទី១៤ ជាកងប្តូរវេនទៅដើម្បីឈរជើងនៅទីក្រុង Marjayoun។
កងកម្លាំងទាំង១៨៤នាក់នេះ នឹងបំពេញការងារផ្នែកវិស្វកម្ម និងបោសសម្អាតមីន។ ដែលការងារទាំងនេះ កងទ័ពមួកខៀវយើង ធ្លាប់បានទទួលជោគជ័យជារៀងរាល់ឆ្នាំ។
ឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បាននាំពាក្យមកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ៕






