ភ្នំពេញ ៖ ខ្មែរតែមួយ ដែលជាគណបក្សនយោបាយថ្មី បង្កើតឡើងដោយប្អូនប្រុសលោក កែម ឡី បានទៅចុះឈ្មោះហើយ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃសុក្រនេះ ដែលនាំអោយគណបក្សនយោបាយកើនឡើងដល់ចំនួន ៦គណបក្សគិតត្រឹមម៉ោង ៩ព្រឹកថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ដែលបានទៅចុះឈ្មោះដើម្បីប្រកួតប្រជែងក្នុងការ បោះឆ្នោត ជ្រើសតាំងសមាជិកសភានីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
អនុប្រធានទី១ និងជាអ្នកនាំពាក្យគណបក្សខ្មែរតែមួយលោក គុជ លី ដែលជាអ្នកទៅ ចុះឈ្មោះគណបក្សរបស់លោកនៅ គណៈកម្មាធិការជាតិរៀបចំការបោះកាលពីព្រឹកមុិញ បាន ថ្លែងថា ថ្វីត្បិតតែជាគណបក្សថ្មីដែលទើបបានបង្កើតឡើងក្នុង រយៈពេល ២ខែកន្លងទៅនេះក្តី តែគណបក្សខ្មែរតែមួយរបស់លោកមានសង្ឃឹមថា នឹងអាចទទួលបានអាសនៈខ្លះក្នុង រដ្ឋសភា នាការបោះឆ្នោតខាងមុខ ដោយគណបក្សរបស់លោកបានដាក់បេក្ខជនប្រកួតប្រជែងនៅ ១៦ ខេត្ត លើរាជធានី ខេត្តសរុបទាំងចំនួន២៥។
សូមជម្រាបជូនថា ៖ ប្រតិទិននៃការចុះឈ្មោះគណបក្សនយោបាយរបស់គណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត មានរយៈពេល ១៥ថ្ងៃ ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៨ ហើយគិតត្រឹមព្រឹកម៉ោង ៩ព្រឹកថ្ងៃទី១១ ខែឧសភានេះមានគណបក្សចំនួន ៦បានទៅចុះឈ្មោះ ក្នុងនោះមាន #គណបក្សប្រជាជនកម្ពុជា #គណបក្សសញ្ជាតិកម្ពុជា #គណបក្សយុវជនកម្ពុជា #គណបក្សខ្មែររួបរួមជាតិ #គណបក្សហ៊្វុនសុិនបុិច និង #គណបក្សខ្មែរតែមួយ ដែលក្នុងនោះមានគណបក្សចំនួន ៣ ត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតពីការបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដោយឡែកគណបក្សចំនួន ៣ ទៀតកំពុងស្ថិត ក្រោមការត្រួតពិនិត្យពីភាព ត្រឹមត្រូវពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

សូមទស្សនាវីដេអូបទសម្ភាសន៍





