ខេត្ដកំពង់ស្ពឺ ៖ បុរសជាប្តីចិត្តសាហាវម្នាក់ ពេលផឹកស្រាស្រវឹង បានយកដែកបំពង់ទីប ទៅវាយប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានឪពុកក្មេក ប្តឹងកម្លាំងសមត្ថកិច្ចចាប់ដាក់ខ្នោះកសាងសំណុំរឿងបន្ត។
ហេតុការណ៍ប្តីវាយប្រពន្ធនេះ កើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី០៥ខែ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិ៍ ឃុំដំណាក់រាំងស្រុកឧដុង្គខេត្តកំពង់ស្ពឺ។
បើតាមសម្តីឪពុកក្មេកបុរសខាងលើ បាននិយាយថា កូនប្រសាររបស់គាត់តែងតែផឹកស្រាជារៀងរាល់ថ្ងៃ និងឈ្លោះ រករឿងប្រពន្ធជាញឹកញាប់ រួមទាំងប្រើអំពើរហិង្សាផងដែរ ដោយឃើញសភាពកូនស្រីរងរបួសស្ទើររាល់ថ្ងៃបែបនេះ គាត់ក៏បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាល ឲ្យជួយអត្តរាគមន៍តែម្តង។
ជនសង្ស័យដែរប្រីអំពេីហិង្សាលេីប្រពន្ធ មានឈ្មោះ ខាន់ សុខខេង នៅភូមិឃុំកើតហេតុខាងលើ នៅថ្ងៃកើតហេតុបានទិញស្រាយកមកផឹក រហូតដល់ស្រវឹងជោគជាំ រួចហើយប្រពន្ធបាននិយាយថា បើស្រវឹងហើយដេកទៅ ស្រាប់តែប្តីស្ទុះទៅយកបំពង់ទីប វាយទៅលើប្រពន្ធ ឈ្មោះ ប៉ន ចាន់ណា អាយុ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្ដាលឲ្យរងរបួសបែកក្បាលជាទម្ងន់។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង ពីឪពុកបង្កើតរបស់ជនរងគ្រោះរួចមក កម្លាំងនគរបាលបានឃាត់ជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ អ៊ុ ណូន






