ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់សង្គ្រោះបន្ទាន់ ហើយជនដៃដល់ជាមិត្តភក្តិនឹងគ្នា នោះត្រូវបានកម្លាំងសមត្ថកិច្ចស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួន បន្ទាប់ពីរត់គេចខ្លួនបានមួយយប់ ក្រោយពីផឹកស៊ីតែ០២នាក់ជាមួយជនរងគ្រោះ ហើយនិយាយបង្អាប់គ្នាលេងថាលួចស្រលាញ់ប្រពន្ធគេ ស្រាប់តែបុរសជាមិត្តភក្តិ (ជនដៃដល់) ក្តៅចិត្តទាញកាំបិតផ្គាប់ កាប់សន្ធាប់យកតែម្តង។
ហេតុការណ៍ឃាត់បុរសដៃដល់បាន កើតឡើងកាលពីល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងព្រៃក្រោយភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
គួររំលឹកផងដែលថា កាលពីវេលាម៉ោង០៧ និង៣០នាទី យប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីហឹង្សាដោយចេតនាមួយ បានកើតឡើងដែលបង្ករដោយជនសង្ស័យ ឈ្មោះ ឈន ឈាន ហៅយក្ស ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកាប់អុសធ្យូង រស់នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ដែលមានឈ្មោះ សែម រុី ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរកាប់អុសដុតធ្យូង ត្រូវជាមិត្តភក្តិនឹងគ្នា និងរស់នៅភូមិឃុំកើតហេតុខាងលើដូចគ្នា បណ្តាលអោយរងរបួសចំក្បាល ផ្នែកខាងឆ្វេងរងរបួសធ្ងន់ធ្ងរ។
ក្រោយបង្ករហេតុ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះសាច់ញាតិជនរងគ្រោះ បានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រនៅឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិត។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុជន រងគ្រោះ និងជនសង្ស័យជាមិត្តភក្ត បានអង្គុយផឹកស្រាតែពីរនាក់ ហើយក៏ស្រវឹងស្រាទាស់ពាក្យសំដីនឹងគ្នា ដោយជនរងគ្រោះនិយាយដដែលៗថា ជនសង្ស័យបានលួចស្រលាញ់ប្រពន្ធគេ ហើយប្តីគេកំពុងប្រច័ណ្ឌៗ ទើបធ្វើឲ្យជនសង្ស័យផ្ទុះកំហឹង ស្ទុះទៅទាញកាំបិតផ្គាក់ កាប់ជនរងគ្រោះសន្ធាប់យកៗតែម្តង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ។
ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានតាមរុករក ស្រាវជ្រាវរកជនសង្ស័យពេញមួយយប់ តែមិនទទួលបានលទ្ធផលឡើយ ព្រោះតំបន់នោះមានព្រៃ និងចំការអំពៅច្រើនពេក។ លុះរហូតដល់ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ ក៏ស្រាវជ្រាវឃាត់បានតែម្តង។
បច្ចុប្បន្នជនដៃដល់ ត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អ៊ុ ណូន






