កំពង់ឆ្នាំង៖ ជនសង្ស័យ ប្រើប្រាស់ ចែកចាយ និងលាក់ទុកនូវសារធាតុញៀនចំនួន ១៦ នាក់ រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខជាសាធារណៈនៅចំពោះមុខអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ ដើម្បីឲ្យសាធារណជនបានដឹង ក៏ដូចជាជួយសហការដើម្បីមានវិធានការទប់ស្កាត់ ។
លោកវរសេនីយ៍ឯក វ៉ាន់ ធាវុឌ្ឍ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏ដូចជាមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ បានសម្រុកចូលទៅ ក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែងឈ្មោះខារ៉ាអូខេគ្រួសារ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥ នាក់ រួមជាមួយនឹងវត្ថុតាងមានថ្នាំញៀន និងប្រដាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។
ក្រោយការសាកសួរជនសង្ស័យទាំង៥នាក់ ខាងលើ ពួកគេបានសារភាព ទើបយើងសម្រេចឈានដល់ការចាប់ខ្លួនមនុស្សចំនួន ៦ នាក់និងថ្នាំញៀនមួយចំនួនទៀតជាបន្តបន្ទាប់ ។
ដោយឡែក ជនសង្ស័យចំនួន ៥នាក់ផ្សេងទៀត ដែលជាអ្នកប្រើប្រាស់ សារធាតុញៀន គឺឱយក្រុមគ្រួសារធ្វើកិច្ចសន្យា យកទៅមណ្ឌលអប់រំកែប្រែ និងបន្សាបគ្រឿង ញៀន ។ចំណែកជនសង្ស័យទាំង ១១ នាក់ រួមនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ពៅ សុខហ៊ាន





