បាត់ដំបងៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដាស់តឿនទៅកាន់សមត្ថកិច្ចការពារតាមច្រកព្រំដែនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះពួកឱកាសនិយមដែលបន្លំខ្លួនជា មួយពលករខ្មែរចូលមកពីប្រទេសជិតខាង ក្នុងគោលបំណងបង្ករអសន្តិសុខ ដល់ប្រទេសជាតិក្នុងរដូវកាលការផ្ទុះជំងឺកូវីដ១៩នេះ។
ការលើកឡើងនេះ ក្នុងពិធីសំណេះសំណាលជាមួយសមត្ថកិច្ចការពារតាមព្រំដែនក្នុងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២៥ខែមិនាឆ្នាំ២០២០។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាកម្លាំងការពារព្រំដែនទាំងអស់ ត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ ចំពោះពលរដ្ឋសម្រុកចូលមកកម្ពុជា ត្រូវកត់ឈ្មោះ អាស័យដ្ឋានរបស់ពួកគាត់ រួមទាំងពិនិត្យសុខភាពឲ្យបានច្បាស់លាស់ ហើយត្រូវដាក់ពួកគាត់នៅដាច់ដោយឡែក ចៀសវាងខ្លាចមានឆ្លងជំងឺកូវីដ១៩ ព្រោះយើងមិនអាចមើលដឹងថាអ្នកណាម្នាក់មានឆ្លងជំងឺនេះឡើយ។
ចាប់ពីថៃប្រកាសបិទច្រកនានា ជាមួយកម្ពុជាបណ្ដោះអាសន្ននោះ មានពលករខ្មែរប្រមាណជា ១៥.០០០នាក់ ចេញពីថៃវិលត្រឡប់មកស្រុកកំណើត ក្នុងនោះមានចេញតាមច្រកនានាជាប់នឹងខេត្តបាត់ដំបងជិត១.០០០នាក់ ដែលការចេញ ដោយគំហុករបស់ពលករខ្មែរនេះ ធ្វើឲ្យមានការពិបាកក្នុងការពិនិត្យ ហើយវាក៏ជាឱកាសមួយសម្រាប់ ពួកដែលមានបំណងចង់មកបង្ករអសន្តិសុខដល់ប្រទេសជាតិ ជ្រៀតចូលមកផងដែរ។
បើសិនកម្ពុជាមានការប្រកាសអាសន្នពីបញ្ហាកូវីដ១៩នឹងហាមមិនឲ្យពលរដ្ឋចេញពីផ្ទះនោះ ហើយនៅតែមានពលករខ្មែរចេញពីថៃតាមច្រកណាមួយ អាជ្ញាធរតាមព្រំដែន ក៏ត្រូវទទួលពួកគាត់ ដោយភាពទន់ភ្លន់ មានសីលធម៌ ហើយម៉ឺងម៉ាត់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ណែនាំដល់ខេត្តជាប់នឹងព្រំដែនថៃ បើមានករណីពលករចេញមកទៀតនោះ ត្រូវពិភាក្សាជាមួយភាគីថៃ កំណត់យកច្រកណាមួយឲ្យពលករចេញនិងមានភាពងាយស្រួលគ្រប់គ្រង ហើយអាជ្ញាធរគ្រប់ខេត្តទាំងអស់ ត្រូវប្រើប្រាស់មធ្យោបាយ ផ្សព្វផ្សាយពីការការពារ ទប់ស្កាត់ជំងឺកូវីដ១៩នេះ ឲ្យបានគ្រប់មូលដ្ឋានដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថានៅខេត្តបាត់ដំបង ទាំងច្រកទ្វារអន្តរជាតិនិងច្រកតំបន់គឺត្រូវបានបិទមិនឲ្យមានការឆ្លងដែន លើកលែងតែច្រកទ្វារអន្តរជាតិដូង (ឡែម) គឺអាចចរាចរទំនិញរវាងគ្នាបាន ប៉ុន្តែត្រូវអនុវត្តការវាស់កំដៅអ្នកបើករថយន្តនិងអនុញ្ញាតក្នុងមួយរថយន្ត អាចមានមនុស្សតែ ២នាក់ប៉ុណ្ណោះ៕





