ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៨ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរីបាឡែន បុកម៉ូតូហុងដាឌ្រីម ក្នុងទិសដៅច្រាស់គ្នា នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ត្រង់ចំណុចស្ពានកណ្តែកស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
បណ្តាលអោយមនុស្ស៤នាក់ស្លាប់ មានឈ្មោះ អាន ទៀង ភេទប្រុសអាយុ៣៥ឆ្នាំ ចំណែកប្រពន្ធ ឈ្មោះ អឹម សាវឿន ភេទស្រីអាយុ៣០ឆ្នាំ និងកូន២នាក់ទៀតមាន ឈ្មោះ ទៀង ស្រីនិច ភេទស្រីអាយុ១០ឆ្នាំ
និងឈ្មោះ ទៀង សត្រា ភេទប្រុសអាយុ ៥ឆ្នាំ រស់នៅភូមិ ស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ហើយសាកសព សមត្ថកិច្ចបានអោយទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកអ្នកបើករថយន្តកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២K ៦៤៦២ មានឈ្មោះ ឈ្មោះ ស្រីម វី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីកើតហេតុភា្លមៗផងដែរ។ ហើយតាមការសន្និដ្ឋានពីសមត្ថកិច្ច មូលហេតុដោយសារតែរថយន្តកាមរីបាឡែន បើកបរយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ដែលស្ថានភាពផ្លូវកោងខ្លាំង ដោយរថយន្តបានជ្រុលចង្កូតទៅឆ្វេងដៃ ហើយក៏បុកម៉ូតូជនរងគ្រោះ កំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីកើត ទៅលិច បណ្តាលអោយប៉ើងខ្ទាត់ជាច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្តង។
តាមការបញ្ជាក់ពីសាច់ញាតិបានរៀបរាប់ថា ជនរងគ្រោះរស់នៅ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្តីឈ្មោះ អាន ទៀង ហើយប្រពន្ធឈ្មោះអឹម សាវឿន ជាបុគ្គលិកកាស៊ីណូនៅអូរស្មាច់ ពីនាក់ប្តីប្រពន្ធបាននាំគ្នាទៅយកកូន២នាក់ ដែលផ្ញើរជាមួយជីដូននៅឯស្រុកចុងកាល់ ដើម្បីដឹកដើរលេងនៅច្រកអូរស្មាច់ ដោយបានទុកកូនង៉ែតតូចម្នាក់ទៀតផ្ញើរផ្ទះម្តាយក្មេកនៅ ភូមិស្រះទឹក សង្កាត់អូរស្មាច់ ហើយពេលត្រឡប់មកវិញដល់ត្រង់ចំណុចស្ពានកោងខ្លាំងនៅ ភូមិកណ្តែក តែជាអកុសល្យក៏ជួបគ្រោះថ្នាក់ចរាចរស្លាប់ទាំងអស់គ្នាតែម្តងទៅ។















