តាកែវ ៖ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានមានប្រសាសន៍ថា មន្រ្តីជំនាញកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យនំចំណី គ្រឿងកំប៉ុងដែលដាក់លក់តាមសាលារៀ វិទ្យាល័យ ជា ស៊ីម ក្នុងក្រុងដូនកែវ និងសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោម ស្រុកត្រាំកក់ បានថ្លែងថា


មន្រ្តីជំនាញបានរកឃើញទំនិញនំចំណីខូចគុណភាពមានទឹកក្រូចកូកាកូឡាចំនួន១៤ដបធំ គ្រាប់ផ្កាឈូករ័ត្ន ចំនួន ៥៨កញ្ចប់, នំកញ្ចប់ស្រួយក្មេងចំនួន ១៦ប្រអប់ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ហើយថែមទាំងបានធ្វើតេសបឋម លើ សាច់ប្រហិត ត្រី ក្តាម បង្គារ សាច់គោ រកសារធាតុគីមីប៉ុន្តែជាលទ្ធផល គឺពុំមានសារធាតុគីមីនៅលើចំណីអាហារទាំង នេះឡើយ ដោយឡែកចំពោះទំនិញដែលរឹបអូសយកមកនេះ ក៏ត្រូវបំផ្លាញចោលនៅហ្នឹងកន្លែងតែម្ដង។


លោកបានបានបន្តថា នៅក្នុងការចុះមកត្រួតពិនិត្យទំនិញ និងចំណីអាហារនៅតាមសាលារៀនមួយចំនួនក្នុង ខេត្តតាកែវ នេះដែរ មន្រ្តីជំនាញកាំកុងត្រូលក៏បានធ្វើការអប់រំណែនាំទៅដល់ក្រុមអាជីវករ ដែលពួកគាត់លក់ចំណីអាហារឲ្យសិស្ស បរិភោគត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះចំណីអាហារនេះ ដោយតម្រូវឲ្យមានការលក់ចំណីអាហារនេះប្រកបដោយ អនាម័យល្អ និងទំនិញជាប្រភេទនំកញ្ចប់ និងគ្រឿងកំប៉ុងដូចជាទឹកផ្លែងឈើ ទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំងជាដើម ត្រូវ ពិនិត្យឲ្យបានច្បាស់ពីកាលបរិច្ឆេទប្រើប្រាស់ ពិសេសគឺភេសជ្ជប៉ូវកម្លាំងនានា គឺមិនត្រូវលក់ឲ្យសិស្សសាលានោះឡើយ ព្រោះវាអាចប៉ះពាល់សុខភាពពួកគាត់ ពោលគឺភេសជ្ជៈប៉ូវកម្លាំងទាំងនេះមិនសម្រាប់ក្មេងៗហូបនោះឡើយ គឺសម្រាប់តែ មនុស្សចាស់តែប៉ុណ្ណោះ ។
លោកបានបន្ថែមថា ការចុះមកត្រួតពិនិត្យទំនិញនៅតាមសាលារៀននេះ វានឹងធ្វើឲ្យក្រុមអាជីវករទាំងអស់ចេះភ្ញាក់រំលឹក ដោយខ្លួនឯង និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុវត្ថិភាពចំណីអាហារនេះ ពិសេសគឺក្មួយៗជាសិស្សានុសិស្ស និង យល់កាន់តែច្បាស់ថែមទៀត និងចេះមើលដោយខ្លួនឯងថាតើទំនិញ និងចំណីអាហារប្រភេទណាដែលត្រូវតែទិញយកមក បរិភោគ ព្រោះនេះជាការពង្រឹងសុខភាពរបស់យើងទាំងអស់គ្នាឲ្យបានល្អប្រសើរថែមទៀត ៕ សូត្រ សុផុន
(សូមទស្សនាវីដេអូ)