(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID សេចក្តីប្រកាសថានឹងផ្តល់ជំនួយចំនួន ២ លាន ដុល្លារបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្នែកទំនាក់ទំនងគ្រប់គ្រងហានិភ័យ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសរាតត្បាត covid-19 និងក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធកម្ពុជា និងការគាំទ្រដល់មន្ទីរពិសោធន៍។
USAID អោយដឹងបន្ថែមថា ទីភ្នាក់ងារប្រយុទ្ធប្រឆាំង និងការពារជំងឺឆ្លង CDC នៃសហរដ្ឋអាមេរិក និងអ្នកជំនាញដទៃទៀតផ្នែកសុខាភិបាលកំពុងតែធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីឆ្លើយតបភ្លាមៗទៅនឹងករណីមេរោគកូវីត១៩ ដែលត្រូវបានរកឃើញនៅ កំពង់សោម សៀមរាម កំពង់ចាម និងទីក្រុងភ្នំពេញ។ ពួកគេបានជួយផងដែរដល់វិទ្យាស្ថានប៉ាស្ទ័រ មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងការធ្វើតេស្តរកមើលមេរោគ។
លើសពីនេះទៅទៀតតំណាងនៃវិទ្យាស្ថានសុខភាពសាធារណៈដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជារួមចំណែកដល់ការស្រាវជ្រាវជាសាកលលើមេរោគកូវីត១៩នេះ។
សេចក្តីប្រកាសព័ត៌មានអោយដឹងបន្ថែមថា សហរដ្ឋអាមេរិកមានភាពជាដៃគូយូរអង្វែងជាមួយប្រជាជនកម្ពុជាក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងការប្រយុទ្ធនឹងជំងឺឆ្លង។
កិច្ចសហការដ៏ជិតស្និទ្ធនេះនឹងមានជាយូរអង្វែងទៅមុខទៀត ក្នុងពេលយើងបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះ៕






