ខេត្តកំពង់ស្ពឺ ៖ រថយន្តចំនួន០២គ្រឿងដែលដឹកឈើក្រហម (ឈើលេខ១) ជាច្រើនម៉ែត្រគូប ត្រូវបានកម្លាំងអធិការដ្ឋានស្រុកភ្នំស្រួច សហការជាមួយនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែលដឹកនាំដោយលោក អ៊ុ សារិទ្ធ អធិការងស្រុកភ្នំស្រួច ទទួលផែនសន្តិសុខបានចុះបង្ក្រាប បន្ទាប់ពីរកឃើញថា រថយន្ត០២គ្រឿងខាងលើ ដឹកជញ្ជូនផលអនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត ក៏ឃាត់បាន ខណៈដែលក្រុមតៃកុងរថយន្តខាងលើ រត់បាត់ ហើយតំបន់ខាងលើនេះក្រោមការគ្រប់គ្រង ដោយមន្ទីរបរិស្ថានខេត្ត និងអង្គការក្រៅរដ្ឋាភិបាល០២ស្ថាប័នថែមទៀតផង។
ការចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង០១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែ មករា ឆ្នាំ២០១៩នេះ នៅចំណុចព្រៃឩស្យានអនុរក្សគីរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលនិយាយថា រថយន្តដែលឃាត់បានចំនួន០២គ្រឿងនោះ ទី០១ រថយន្តម៉ាកហុីយ៉ាន់ដាយ ចំណុះ២.៥តោន ចំនួន០២គ្រឿង ដែលមាស្លាកលេខ ញ.៣០៦៥.ភព២ ដឹកឈើប្រភេទឈើក្រហមមានឃ្នាប និងក្តា ចំនួន៧ម៉ែត្រគូប និងតៃកុងរយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្ត។
បច្ចុប្បន្នរថយន្ត រួមនឹងវត្ថុតាង ត្រូវបានប្រគល់ឲ្យមន្ទីបរិស្ថានខេត្តកំពង់ស្ពឺ ចាត់ការបន្ត តាមនីតិវិធី។
ដោយឡែកជាការលើកឡើងរបស់ប្រជាពលរដ្ឋ លោកមានការងឿងឆ្ងល់ថា ទីតាំងខាងលើក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត និងដែនជម្រក ព្រមទាំងមានអង្គការ (C I/ស៊ីអាយ) និងអង្គការ(Y AT/វ៉ាយអេត) ផងនោះ ហេតុអ្វីមិនបង្ក្រាប បែរជាអោយកម្លាំងនគរបាលលបង្ក្រាបទៅវិញ?៕ អ៊ុ ណូន








