ការចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីជ្រើស រើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ នឹងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយការចុះបញ្ជីទាំងពីនេះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុដោយផ្ទាល់។
នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី២៨ ខែតុលា ដើម្បីផ្សព្វផ្សាយអំពី ប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ នៃការជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ដែលនឹងធ្វើឡើង នៅដើមឆ្នាំ២០២៥។
ឯកឧត្តម បានបន្តថា គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការ បោះឆ្នោតឡើងវិញនេះ ដោយប្រជា ពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជន បោះឆ្នោត ត្រូវបំពេញលក្ខខណ្ឌ និងមានលក្ខណសម្បត្តិដូចជា៖មានសញ្ជាតិខ្មែរពីកំណើត, មានអាយុ យ៉ាងតិច២៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត, មានសិទ្ធិបោះ ឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលកំណត់ក្នុងច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកលលើកចុងក្រោយ ដែលរៀបចំ ឡើងដោយ គ.ជ.ប (ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣) លើក លែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោត មាន មូលហេតុសមស្រប។
ឯកឧត្តមអនុប្រធាន គ.ជ.ប ក៏បានបញ្ជាក់អំពីភាពមិនមានសិទ្ធិឈរ ឈ្មោះជា បេក្ខជន មានជាអាទិ៍៖ជាសមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាល និងចៅក្រម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រី បុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ជាដើម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិ បាល បានចេញអនុក្រឹត្យស្តីពីការបង្កើត ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ អនុលោមតាមមាត្រា៧៨ នៃច្បាប់ស្ដីពីការបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា-ខណ្ឌ គឺ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ សម្រាប់ជ្រើសរើសក្រុមប្រឹក្សាក្រុងដែលបង្កើតថ្មីនេះ ដោយត្រូវធ្វើឡើង ក្នុងរយៈពេលយ៉ាងយូរ២៤០ថ្ងៃ បន្ទាប់ពីការបង្កើត។
តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានកំណត់កាលបរិច្ឆេទនៃការ បោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥៕






