(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃអាទិត្យនេះថា នាពេលថ្មីៗនេះព្រះរាជាណាចក្រកម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗគ្នា ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បញ្ជាក់ថា ក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បំរាមផ្អាកមិនឲ្យជនបរទេសដែលមកពីប្រទេសអ៊ីរ៉ង់ចូលមកក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ បន្ថែមពីលើប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំងនិងអាមេរិក ដែលបានចេញប្រកាសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រួចហើយ៕





