ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍន ភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥ នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះ កំណាត់ខ្លះនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏បានស្ថាបនារួចរាល់ហើយដែរ។ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តែងចុះជាប់ផ្ទាល់ប្រចាំ ដើម្បីពិនិត្យ ដានការងារបច្ចេកទេសសាងសង់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្ត ទៅស្របតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា ដោយធានាបានទាំងគុណភាព និងសោភ័ណភាព។
គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤(បំបែកស្រែអំបិល)ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៧៨%ហើយ។
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុង ប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទួល និងចុះចំណោតជាដើម។
ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ៕






