(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០)៖ បុរសម្នាក់បាន ធ្លាក់ទឹកទន្លេ បាត់ខ្លួនជាង២ ម៉ោងទើបក្រុមគ្រួសាររកសពឃើញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយផ្លូវទឹកមួយបានកើតឡើងនៅវេលាម៉ោង៧ និង១៥ នាទីព្រឹក ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ នៅចំណុច ចុងព្រែកដីដុល ស្ថិតនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាល ការិយាល័យចរាចរណ៌ផ្លូវទឹក ខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ជនរងគ្រោះ មានឈ្មោះពីន ម៉ៅ អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង។ មុនពេលកើតហេតុជនរងគ្រោះបានបើកកាណូតបាឡាស្មាច់១គ្រឿង ត្រឡប់ពីផ្សារឆ្នាំង បំណងទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងកាណូតបាឡាស្មាច់មួយគ្រឿងទៀត ដែលបើកបរដោយឈ្មោះខុន សុជា អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ក្នុងទិសដៅច្រាស់គ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះបោកក្បាល ត្រូវនិងក្បាលកាណូត ភាគីម្ខាងទៀត ធ្លាក់លិចទៅក្នុងទឹក បាត់ជាង ២ ម៉ោង គឺនៅម៉ោង ជាង៩ ព្រឹកថ្ងៃដដែលទើប ក្រុមគ្រួសាររកសពជនរងគ្រោះឃើញ

ប្រភពដដែលបានបន្តថា៖ ក្រោយពេលកើតហេតុ អ្នកបើកបរកាណូតភាគីម្ខាង ទៀតដែលមិនមានរងរបួស ភ័យពេក ក៏បើកកាណូតរត់មកជ្រកនៅការិយាល័យចរាចរណ៍ផ្លូវទឹក ដើម្បីប្រគល់ខ្លួនឱ្យសមត្ថកិច្ច នគរបាលតែម្តង ព្រោះខ្លាចមានអំពើហិង្សាកើតឡើង ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែក មធ្យោ បាយ កាណូតបាឡាស្មាច់ទាំង២គ្រឿង ត្រូវបាននគរបាលការិយាល័យចរាចរាចរណ៍ ផ្លូវទឹកយកមករក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕ដោយ៖ ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)





