ខេត្ដព្រៃវែង ៖ បុរសម្នាក់ដើរឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តធុនធំបើកបុកស្លាប់ភ្លាមមួយរំពេច កាលពីវេលាម៉ោង6 និង10នាទីព្រឹក ថ្ងៃទី16 ខែតុលា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ8A ត្រង់ចំណុចទល់មុខហាងយីហោម៉ែក្មេកហេងហេង ស្ថិតក្នុងភូមិស្វាយអន្ទរទី1 ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ ផានិត ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយព័ណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A.0988 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់។
ក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ បានដើរឆ្លងកាត់ថ្នល់ពីលិចទៅកើត ដោយខ្វះការប្រុងប្រយ័ត្ន (មិនមើលឆ្វេងស្តាំ) លុះដើរឆ្លងបានប្រហែលជាងពាក់កណ្តាលថ្នល់ ក៍ត្រូវរថយន្តខាងលើមកដល់បុកពេញទំហឹង បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេច។
ក្រោយទទួលបានបានព័ត៌មាន កម្លាំងនគរបាលជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ធាន ចុះអន្តរាគមន៍ធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុក ដើម្បីស្រាវជ្រាវតាមនីតិវិធី។ រីឯសាកសព បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សឹម សាន់






