ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសហការជាមួយកំលាំងចម្រុះ ចុះបង្ក្រាបសកម្មភាពបទល្មើសម៉ាស៊ីនអារឈើខុសច្បាប់មួយកន្លែង ដែលកំពុងអារ និងជ្រៀកឈើយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ។
យោងតាមសេចក្តីរាយការណ៍ពីប្រពលរដ្ឋ មូលដ្ឋាននៅជិតទីតាំងបទល្មើសដាក់ម៉ាស៊ីនអាឈើរខុសច្បាប់ខាងលើ បានអោយដឹកថា ម្ចាស់ទីតាំងអាឈើខុសច្បាប់ខាងលើ មានឈ្មោះ ភេន ដែលជាប្រព្រឹត្ដិបទល្មើសអារឈើខុសច្បាប់ យូរឆ្នាំណាស់មកហើយ មិនដែលឃើញមានមន្ត្រីជំនាញចុះបង្ក្រាបឡើយ ដែលគេសង្ស័យថា បានឃុបឃិតជាមួយមន្ត្រីជំនាញ ហើយសំងំបំផ្លាញព្រៃឈើដោយរលូន។ ប៉ុន្តែមិនដឹកមូលហេតុអី ស្រាប់តែសុខៗ នាយខណ្ឌរដ្ឋបាលព្រៃឈើមកសហការជាមួយសមត្ថកិច្ចចម្រុះ ឆ្មក់ចុះបង្រ្កាបយ៉ាងតក់ក្រហល់ទៅវិញ ដោលគេសង្ស័យថាព្រោះមន្ត្រីថ្នាក់ក្រោមសំងំកើបលុយស្ងាត់ៗតែឯង មិនចែកថ្នាក់លើ។
យ៉ាងនេះក្តី វត្ថុតាងមានឈើអារហើយ និងឈើមូលមិនទាន់អារ រួមទាំងម៉ាស៊ីនអារឈើផង ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញ ដឹកយកមករក្សាទុក នៅមន្ទីរកសិកម្មខេត្តដើម្បីចាត់ការតាមច្បាប់។
ពាក់ព័ន្ធបញ្ហាបង្ក្រាបរបស់មន្ត្រីជំនាញខាងលើ លោក ថោង វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ មិនអាចប្រាប់ពីចំនួនបរិមាណ នៃការរិបអូសឈើខុសច្បាប់នេះបានទេ ដោយលោកបានបញ្ជាក់ថា លោកឈឺជាប់រវល់ទៅពេទ្យ ចាំមន្ត្រីលោកវាស់វែងហើយ នឹងប្រាប់នៅពេលក្រោយ៕ ពៅ សុខហ៊ាន






