មន្ត្រីជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់ បានជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានប្រមាណជាង៣០០គ្រាប់ យកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ដើម្បីត្រៀមកំម្ទេចចោល។
លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានអោយដឹងនៅល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១នេះ គ្រាប់បែកដៃនោះមានប្រមា ណ ៣២៥គ្រាប់នោះ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមាន ការប៉ះពាល់ឬធ្វើជ្រុះធ្លាក់ទៅដី។ លោកបានបន្ដថា គ្រាប់ បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀម រាប។
ប៉ុន្ដែ លោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ។ លោកបន្ថែមថា គ្រាប់បែកដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកបន្តនៅថ្ងៃទី១២ ខែកក្កដានេះទៀត ដើម្បីប្រមូលយកទៅកំទេចចោល។ លោកបានបន្ដថា ការជីកកាយរកឃើញដោយចៃដន្យនោះ គឺជាក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបណ្តាញខ្សែកាប កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមកនោះ៕







