អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋ មន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដោយមានកាបញ្ជារផ្ទាល់ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។
នៅថ្ងៃទី០១ ខែមេសា លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត រួមនឹងក្រុមការងារចុះជួយសង្កាត់ បានចុះសាកសួសុខទុក្ខបងប្អូនពលករខ្មែរ ១៧នាក់ ដែលទើបនឹងត្រឡប់មកពីធ្វើការនៅប្រទេសថៃ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
មុនពេលពួកគាត់ត្រលប់ស្រុកកំណើតវិញតាមច្រកចំការគ ស្រុកស្វាយចេក ពួកគាត់ទាំងអស់គ្នា ក៏បានឆ្លងកាត់ការពិនិត្យសុខភាព និងវាស់កំដៅយ៉ាងត្រឹមត្រូវ និងមានលិខិតបញ្ជាក់ពីការពិនិត្យសុខភាពផងដែរ ទើបអាជ្ញាធរអនុញ្ញាតមកស្រុកកំណើតបាន។
នាឱកាសនោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង ក៏បានធ្វើការណែនាំបន្ថែមដល់បងប្អូនដែលទើបត្រលបមកពីធ្វើការនៅប្រទេសថៃទាំងអស់ សូមចូលរួមថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវអនុវត្តទៅតាមសេចក្តីណែនាំរស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យបងប្អូនដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីធ្វើការតាមដានពីសុខភាពខ្លួនឯង បើសិនក្នុងករណីមិនស្រួលខ្លួន ឬសង្ស័យអាចទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដើម្បីធ្វើពិនិត្យ។
ម្យ៉ាងវិញទៀតលោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវដលបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការអនាម័យទាំងអស់គ្នា ឲ្យបានជាប្រចាំ ការពារពីឆ្លងមេរោគផ្សេងៗ ពិសេសវីរុស កូវីដ-១៩ ដ៏កាចសាហាវនេះ។
ក្នុងនោះដែរលោក ហ៊ឹល រ៉ាយ៉ា រួមនឹងក្រុមការងារ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ប្រគល់ជូនគ្រួសារក្រីក្រ និងចាស់ជរា ចំនួន០៦គ្រួសារនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកត្រី១យួ ទឹកស៊ីអ៉ី១យួ មី១កេស ត្រីខ ១យួផងដែរ៕





