ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីបានស្លាប់នៅពាក់កណ្តាលផ្លូវ ពេលកំពុងដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ខណៈដែលជិះម៉ូតូគុបមួយគ្រឿង ហើយត្រូវបានរថយន្តបើកលឿនបញ្ច្រាស់ផ្លូវ បុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម (ពីម្តុំចាន់ថ្នាល់ ទៅចំណុចផ្លូវជាតិលេខ៤៤ អូរទេះភ្លូក) ចំណុចភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកថ្ពង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ) ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0894 បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ក្នុងទិសដៅពីទិសខាងត្បូង ទៅទិសខាងជើង អ្នកបើកបរមានឈ្មោះ យ៉េន យ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ រស់នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូត ជ្រុលទៅបុកអ្នកជិះម៉ូតូ១គ្រឿង ម៉ាកហុងដាគុប សេ50 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ឃ-8658 កណ1 បើកបរដោយឈ្មោះ អោក ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទិសខាងជើងទៅត្បូង គ្មានពាក់មួកសុវត្ថិភាពនោះទេ បុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរឈាមហូរជោគដាប់លើផ្លូវ។ ភ្លាមៗនោះនគរបាលបានហៅរថយន្តសាមុយដឹក បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ តែបានពាក់កណ្ដាលផ្លូវ បានដាច់ខ្យល់ស្លាប់ ចំណែកអ្នករួមដំណើឈ្មោះ សុខ យ៉េម ភេទស្រី អាយុ៥៤ឆ្នាំ ត្រូជាប្រពន្ធ គ្មានមួកសុវត្ថិភាពដូចគ្នា បានរងរបួសបាក់ដៃខាងស្ដាំធ្ងន់ធ្ងរ បញ្ជូនទៅពេទ្យកំពង់ស្ពឺដូចគ្នាផងដែរ។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការវាស់វែង នៅកន្លែងកើតហេតុ។ សពបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ដ និងម៉ូតូខូចខាត នគរបាលបានអូសបញ្ជូនមករក្សាទុក នៅអធិការដ្ធាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ អ៊ុ ណូន








