ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំ ពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ដោយឱ្យដឹងថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្ស បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិវីរៈជ័យ ហើយតាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យ ប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ដោយថតបានសត្វព្រៃប្រភេទសត្វកម្រជាច្រើនរួមមាន សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះឬកែះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រដូចជាមាន់ទោពណ៌ប្រាក់និងកេងកងជាដើមដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានកត់សម្គាល់ថានៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្តមានសត្វព្រៃមានកំណើនឡើងរួមទាំងប្រភេទសត្វកម្រនិងជិតផុតពូជមួយចំនួនផងដោយសារតែការខិតខំអភិរក្ស និងការពារជម្រកត្វព្រៃរបស់កម្លាំងមានសមត្ថកិច្ច។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា វត្តមានសត្វព្រៃទាំងអស់នេះគឺពោរពេញដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវៈចម្រុះរបស់ពិភពលោកដោយសារតែប្រភេទសត្វមួយចំនួនដែជិតផុតពូជពីលើពិភពលោក ប៉ុន្តែមានវត្តមាននៅក្នុងព្រៃនៃប្រទេសកម្ពុជា។
ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថ យោងតាមការចាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) ខ្លាពពក ខ្លាឃ្មុំ តេះ ខ្ទីងនិងសត្វកេងកង ដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យត្រូវបានចាត់ចូលជាប្រភេទ ងាយរងគ្រោះថ្នាក់(VU) ដែលមានន័យថាវាអាចឈានទៅរកការវិនាសផុតពូជក្នុងព្រៃធម្មជាតិ ខ្លាភ្ញីថ្មកែវ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់(NT) ដែលមានន័យថាវាអាចឈានទៅជាប្រភេទ ងាយរងគ្រោះថ្នាក់ ផងដែរ នៅពេលខាងមុខ និងដោយឡែកឈ្លូស ប្រើស ជ្រូកព្រៃ និងមាន់ទោពណ៌ប្រាក់ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់តិចតួច(LC) ដែលមានន័យថាវាមិនទាន់ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ដូចខាងលើនៅឡើយ។






