ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយមានការចូលរួមផងដែរពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូទាំងពីរ បានសម្រេចជ្រើសរើយកទីតាំងសម្រាប់រៀបចំកម្មវិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីទីរួមខេត្ត។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួល បន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរ ការកម្មវិធីបើកការដ្ឋាននាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
សូមជម្រាបជូនថា៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលត្រូវសាងសង់ស្ពានឆ្លង កាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ តភ្ជាប់ពីឃុំបុសលាវ ស្រុកចិត្របុរី ទៅ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ៣១,៦៩គីឡូម៉ែត្រ៕






