ជាច្រើនឆ្នាំមកនេះ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ និងទ្វីបអាហ្រ្វិក ដែលជាទ្វីបដែលមានប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត បានបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិដែលពាក់ព័ន្ធ ដោយ ធ្វើជាឧទាហរណ៍មួយអំពីរបៀប ដែលបណ្តាប្រទេសខាងត្បូងសកលអាចរួបរួមគ្នាដើម្បីជំរុញកំណើនរួម និង ការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប៉េកាំង ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា ប្រទេសចិន និងប្រជាជាតិអាហ្វ្រិកនឹងបន្តទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ដើម្បីរួមគ្នាជំរុញទំនើបកម្ម និងកសាងសហគមន៍កម្រិតខ្ពស់ជាមួយ អនាគតរួមគ្នា។
សហគ្រាសចិនបានជួយពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់ទ្វីបអាហ្រ្វិក តាមរយៈការសាងសង់សួនឧស្សាហកម្ម ការកសាងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះទេពកោសល្យលើវិស័យផ្សេងៗ រួមទាំងកសិកម្ម ការផលិត សេដ្ឋកិច្ចឌីជីថល ឱសថ ភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនឹងនេះ ប្រទេសចិនបានអនុវត្តគម្រោងថាមពលស្អាត និងបណ្តាញអគ្គិសនីរាប់រយនៅក្នុងទ្វីបអាហ្រ្វិក ដោយបានជួយប្រទេសក្នុងទ្វីបអាហ្រ្វិកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់បានកាន់តែប្រសើរឡើង៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






