ខេត្ដបន្ទាយមានជ័យ ៖ ក្មេងប្រុសវ័យជំទង់ម្នាក់ អាយុ១៧ឆ្នាំ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលក្មេងប្រុសរងគ្រោះ រត់លេងបាល់ទាត់ ជាមួយមិត្តភ័ក្រ្តក្នុងភូមិ នៅពេលមេឃកំពុងភ្លៀង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃច័ន្ទ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៨ នៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ឆន ចន្ថា អាយុ១៧ឆ្នាំ នៅភូមិអូរស្វាយ, ឃុំតាគង់, ស្រុកម៉ាឡៃ, ខេត្តបន្ទាយមានជ័យ។ ដោយនៅមុនពេលកើតហេតុ ផ្ទៃមេឃមានភ្លៀងមួយយ៉ាងខ្លាំង លាយឡំជាមួយនឹងផ្គររន្ទះ ពេលនោះក្មេងរងគ្រោះ រួមនឹងមិត្តនៅក្នុងភូមិជាមួយគ្នា ចំនួន ៥ទៅ ៦នាក់ បាននាំគ្នារត់លេងទាត់បាល់ ពេលដែលមេឃកំពុងភ្លៀងធំ លាយលំនឹងផ្គររន្ទះ ហើយបាល់បានខ្ទាតទៅក្រោមដើមចាន់គីរីមួយដើមធំ ជិតកន្លែងលេងបាល់ក្នុងភូមិ។ ក្មេងរងគ្រោះក៏បានរត់ទៅរើសបាល់នៅក្រោមដើមចាន់គីរីនោះ ស្របពេលដែលរន្ទះបានបាញ់ដើមចាន់គីរី បណ្តាលឲ្យត្រូវក្មេងប្រុសរងគ្រោះ នោះស្លាប់ភ្លាមៗផងដែរ។ ចំណែកក្មេងៗដែលលេងជាមួយ ពុំមានគ្រោះថ្នាក់អ្វីនោះទេ។ សាកសពក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណីហើយដែរ។








