(ខេត្តកំពង់ចាម,ថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២១)៖ អគ្គីភ័យបានឆាបឆេះលំនៅឋាន ប្រជាពលរដ្ឋនៅកោះគល់ ឈ្មោះ វ៉ន វឿន ស្របពេលដែលខ្យល់បោកបក់ មក ពីទិសខាងជើងខ្លាំងជាហេតុធ្វើឲ្យភ្លើងឆេះរាលដាលបណ្ដាលឲ្យឆេះដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតៗគ្នានោះអស់ថែម២ខ្នងទៀត។
ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទី យប់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ។ភ្លាមៗនោះស្នងការនគរបាលខេត្តបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ៦គ្រឿងចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ប្រភពពីអ្នកភូមិបានប្រាប់ឲ្យដឹងថា: មុនដំបូងគេបានឃើញអគ្គីភ័យឆេះចេញពីផ្ទះ ទី១ ដែលមានម្ចាស់ផ្ទះឈ្មោះ វ៉ន វឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ប្រពន្ធឈ្មោះ បឹង ពៅ ភេទស្រី អាយុ៥៤ឆ្នាំ ។ ក្នុងពេលនោះអណ្ដាតភ្លើងបានឆាប់ឆេះយ៉ាងសន្ធោរសន្ធៅនិងមានផ្សែងហុយទ្រលោមទៅលើអាកាសដោយមិនមានអ្នកណាម្នាក់ចូលទៅក្បែរបាននោះទេ។តែបានអ្នកភូមិខ្លះហៅទូរស័ព្ទទៅនគរបាលប៉ុស្តិ៍ និងខ្លះទៀតបានហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ទឹកពន្លត់។
អធិការនគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា ស្នងការនគរបាលខេត្តបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យមកពីតាមបណ្ដាស្រុកនានាដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ដែលមានរហូតទៅដល់៦គ្រឿង។តែដោយសារខ្យល់បោកបក់មកពីទិសខាងជើងខ្លាំងជាហេតុធ្វើឲ្យភ្លើងបានឆាបឆេះលឿនបន្តរាលដាលមកផ្ទះពលរដ្ឋនៅក្បែរនោះចំនួនពីរខ្នងទៀត។
ចំពោះការខូចខាតទ្រព្យសម្បត្តិវិញ លោកអធិការបានឲ្យដឹងថា ផ្ទះទី១ មានទំហំ ៧×១៣ ប្រកក្បឿង ជញ្ជាំងក្ដារ។សម្ភារៈខូចខាតមានម៉ូតូ ៣គ្រឿង (ម៉ាកហុងដា ២០១៨,សង់ហុងដាកូរ៉េ c១០០,ហុងដាវេវអាល់ហ្វា),ទឹកប្រាក់បីពាន់ដុល្លា (៣.០០០ដុល្លា),មាស ៨ជីកន្លះ និងសម្ភារៈប្រើប្រាស់មួយចំនួន។
ផ្ទះទី២មានទំហំ ៥×៦ ប្រក់ស័ង្កសី,ជញ្ជាំងក្ដារ ម្ចាស់ផ្ទះឈ្មោះ ញឹក សាវ៉ុន ភេទស្រី អាយុ ៦៣ឆ្នាំ (ម៉េម៉ាយ)សម្ភារៈមានដូចជា ប្រាក់រៀល កៅសិបម៉ឺនរៀល (៩០០.០០០រៀល),អង្ករ១បាវ និងសម្ភារៈប្រើប្រាស់មួយចំនួន។
ផ្ទះទី៣មានទំហំ ៧×១៥ ប្រក់ក្បឿង ជញ្ជាំងក្ដារ។ម្ចាស់ផ្ទះឈ្មោះ ស គុយលឹម ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុង ភេទ ស្រី អាយុ៦៤ឆ្នាំបណ្ដាលអោយរងរបួស និង បាត់បង់សម្ភារៈមានដូចជា:ម៉ូតូ ៥គ្រឿង (ម៉ាកហុងដា ចំនួន៣គ្រឿង, ហុងដាសង់កូរ៉េ c១០០ ចំនួន ១គ្រឿង,ហុងដា វេវអាល់ហ្វា ចំនួន ១គ្រឿង ,ទឹកប្រាក់ ប្រាំមួយពាន់ដុល្លា (៦.០០០ដុល្លា) និងសម្ភារៈប្រើប្រាស់មួយចំនួន។និងបណ្ដាលឲ្យរងរបួសឈ្មោះ គឹម សុង ភេទស្រី របួសរលៀកត្រង់ខ្នង រលៀកដៃខាងស្ដាំ និងជើងខាងឆ្វេង។
អាជ្ញាធរបានឲ្យដឹងមូលហេតុនៃអគ្គីភ័យនេះថា បណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី
៕
ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)






