ជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស៖ Hog Badger ឈ្មោះវិទ្យាសាស្រ្ត៖ Arctonyx collaris)។ ជ្រូកពោន ឬជ្រូកព្រុលនេះ ត្រូវបានថតរកឃើញកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា។
ជ្រូកពោន ឬជ្រូកព្រុល មានប្រវែងក្បាល-ដងខ្លួនពី ៦៥០ -១០៤០មម និងមានទម្ងន់ពី ៧-១៤គ.ក កន្ទុយប្រវែង ១២០-១៧០មម និងជើងក្រោយ ១១៥-១៣៤ មម។វាជាសត្វមានមាឌធំ មានកន្ទុយខ្លី ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងដូចច្រមុះជ្រូក។ សត្វប្រភេទនេះរស់នៅតាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។
ចំណីអាហាររបស់វាមានដូចជាមើមរុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ ជ្រូកពោន ឬជ្រូកព្រុល មានវត្តមាននៅតាមតំបន់ព្រៃស្ទើទូទាំងប្រទេសកម្ពុជា ជាពិសេសនៅភាគនិរតី ឦសាន និងភាគខាងជើង។






