ខេត្តពោធិ៍សាត់៖ សាកសពតា និងចៅ ត្រូវបានអ្នកនេសាទទៅបង់សំណាញ់ប្រទះឃើញក្នុងទឺកស្ទឹង សង្ស័យថាជនរងគ្រោះទាំងពីរនាក់ (តា និងចៅ) នាំគ្នាទៅឲ្យទឹកក្របីត្រង់ចំណុចក្នុងទឹកស្ទឹងធ្លាម្អម ស្ថិតក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយលង់ស្លាប់។
ប្រពន្ធជនរងគ្រោះ អ្នកស្រី ឌី ណារី បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បាននាំចៅទៅឲ្យទឹកក្របី នៅស្ទឹងខាងកើតផ្ទះ ចម្ងាយ៥០ម៉ែត្រ មួយសន្ទុះក្រោយមក ស្រាប់មានអ្នកស្រុករត់មកប្រាប់ថា ២នាក់តា និងចៅបានលង់ទឹកស្លាប់ នៅក្នុងស្ទឹង ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
បុរសជាអ្នកភូមិ ឈ្មោះ សោន សារ៉ាន់ ដែលបានប្រទះឃើញសាកសពជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ គាត់បានទៅបង់សំណាញ់នៅក្នុងស្ទឹង ស្ថិតនៅចំណុចកើតហេតុ ក៏បានឃើញសាកសពមនុស្សគាត់ ក៏ស្រែកហៅឲ្យគេជួយមុជរាវរក ក៏ប្រទះឃើញសពជនរងគ្រោះ២នាក់ (តានិងចៅ នៅក្នុងទឹក)។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណ ១/ ឈ្មោះ នីម ស៊ីណែត ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាចៅ និងទី២/ ឈ្មោះ ម៉ឹង អន ភេទប្រុស អាយុ៦៨ឆ្នាំ ត្រូវជាជីតា អ្នកទាំងពីររស់នៅភូមិកើតហេតុ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានអះអាងថា ក្រោយពេលសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកស្ទឹង និងតាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពីណៃ៕







