(ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១)៖ យុវជន២នាក់ ត្រូវបានកម្លាំង នគរបាលស្រុកឱរ៉ាល់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានដោយសារតែ បានជិះម៉ូតូ១គ្រឿង ដេញកាប់បុរសជាជនរងគ្រោះ។ ប៉ុន្តែសំណាងល្អ បានមួកសុវត្ថិភាពការពារ មិនមានរងរបួសនោះទេ បុរសជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយរកយុត្តិធម៌។
ភ្លាមៗនោះសមត្ថកិច្ច នគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៦និង២០នាទី ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុនដំណាប់ស្វាយ កម្ពុជា(Cambodia) ពីងឃែន ក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នៅចំណុចលើកំណាត់ផ្លូវលេខ ៤៤ចន្លោះគីឡូម៉ែត្រលេខ៣៣ទៅលេខ៣៤ ស្ថិតក្នុងភូមិសាស្ត្រភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណី ជិះម៉ូតូដេញកាប់អ្នកដំណើរមួយកើតឡើងដែល បង្ករដោយជនសង្ស័យ២នាក់ បានធ្វើសកម្មភាពជិះម៉ូតូម៉ាក អ៊ិចស៊ីទ័រ ពណ៌ ខៀវ កាន់កាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះឈ្មោះហួន រ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាកម្មករបេះផ្លែស្វាយ ត្រូវមួយកាំបិតផ្គាក់ចំពីលើមួកសុវត្ថិភាព មិនបណ្ដាលឱ្យរងរបួសមនុស្សទេ។
សមត្ថកិច្ចបញ្ជាក់ច្បាស់ថា ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេល៣ ម៉ោងរួចមកជនរងគ្រោះបានចង្អុលបង្ហាញថារូបថតនៅក្នុង( អាខោនហ្វេសប៊ុកឈ្មោះ
វ៉េត ឯកា ) គឺជាជនដៃដល់បានកាន់កាំបិតផ្គាក់កាប់ទៅលើ ខ្លួនច្បាស់ណាស់។ ហើយក៏មានមហាជនល្អបានរាយការណ៍ថាជនសង្ស័យនេះកំពុងស្នាក់នៅក្នុងក្រុមហ៊ុន ដំណាប់ស្វាយ (Cambodia ពីងឃែន) ខាងលិចអូរព្រុង ជាមួយមធ្យោ បាយម៉ូតូ១គ្រឿង ដែលធ្វើសកម្មភាពកាលពីថ្ងៃនោះ។
ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងលំអិត សមត្ថកិច្ច បានកំណត់មុខសញ្ញាខាងលើរួចរាយការណ៍ សុំយោបល់ដល់ថ្នាក់ដឹកនាំជំនាញ និងមានការអនុញ្ញាតិពីថ្នាក់ដឹកនាំ រហូតដល់ម៉ោង០៦និង២០នាទីយើងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះវៀង វ៉េត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅចំណុចក្រុមហ៊ុនដំណាប់ស្វាយ Cambodia ពីងឃែន ហើយឈានទៅឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះជឿន គ្រឹះ ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិក្រាំងតាវ៉ា ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យុវជនទាំង២នាន់ គឺជាមុខសញ្ញាចាស់យ៉ាងសកម្មភាពបំផុតផងដែរ។
បច្ចុប្បន្នប៉ូលិសកំពុងធ្វើការសួរនាំ ក្រុមជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវ
ច្បាប់៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






