
ផលិតផលខ្មែរចម្រុះជាង២៥០ស្តង់ បានដាក់តាំងលក់ជាមួយនឹងការបញ្ចុះតម្លៃពិសេស ក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sale 2025 ររយៈពេល៣ថ្ងៃថ្ងៃចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានពន្យល់ថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ជួយជំរុញចលនាឱ្យពាណិជ្ជករខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និង សោភណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដា ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែង ក្នុងកម្រិត ទីផ្សារអន្តរជាតិ។
អ្នកជំនាញផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច រូបនេះលើកឡើងថា ការចូលរួមតាំងពិព័រណ៍ផលិតផលក្នុងស្រុក ឲ្យបានច្រើនជួយពង្រឹងទាំងគុណភាពផលិតផល សេវាកម្ម និងភាពប្រកួតប្រជែង។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានគាំទ្រចំពោះការរៀបចំពិព័រណ៏ផលិតផលក្នុងស្រុក ហើយការខិតខំយកផលិតផល និងសេវាកម្មតាំងពិព័រណ៍ក្នុងស្រុក ប្រសើរជាងការយកទៅតាំងនៅក្រៅប្រទេស ដោយសារវាត្រូវចំណាយច្រើន។
លោក Tim Vutha ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events ដែលជាក្រុមហ៊ុនរៀបចំមហាព្រឹត្តិការណ៍នេះ លើកឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាផ្នែកមួយនៃការជួយធ្វើទីផ្សារឱ្យទូលំ ទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងវិញ បន្ទាប់ពីទទួលរង នូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។
មហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sale 2025 រយៈពេល៣ថ្ងៃនេះ ត្រូវបានរំពឹងថា នឹងមានការចូលរួមពីសំណាក់អតិថិជនសក្តានុពលយ៉ាងហោចណាស់ជាង១០ម៉ឺននាក់ ហើយវានឹងក្លាយទៅជាពេលវេលាដ៏រីករាយសម្រាប់អ្នកទិញមកពីជុំវិញរាជធានីភ្នំពេញដើម្បីទទួលយកនូវទំនិញដែលមាន គុណភាពល្អៗ និងតម្លៃសមរម្យព្រមទាំងបញ្ចុះតម្លៃរហូតដល់ ៨០ភាគរយផងដែរ។
លោក ផល សុខចំរើន នាយកប្រតិបតិ្ដរងទីផ្សារ ធនាគារ អេស៊ីលីដា បានទទួលស្គាល់ថា ពិព័រណ៍នេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យដំណើរការល្អឡើងវិញ តាមរយៈការចំណាយលុយទិញផលិតផល របស់ប្រជាពលរដ្ឋនាឱកាសនោះ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ មិនត្រឹមតែតាមរយៈ ពិព័រណ៍ពាណិជ្ជកម្ម សកម្មភាពទិញលក់ ការជំរុញការនាំចេញផលិតផល ការផ្តល់សេវាកម្ម ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំ ទូលាយអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេស ចរណ៍ និងវិនិយោគ ជូនអ្នកចូលរួមទស្សនាពិព័រណ៍ផង។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ២០២២ និង២០២៣ ប្រទេស កម្ពុជាមានការររៀបចំពិព័រណ៌ពាណិជ្ជកម្មចំនួន៥២លើក។
ដោយឡែក គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជន បានរៀបចំចំនួន៤១លើក និងមានការទាក់ទាញ និងចូលរួមគាំទ្រយ៉ាងផុសផុល៕
រូបភាពអ៊ូង សុភារុន
