ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលដើរឆ្លងផ្លូវ ត្រូវបានរថយន្តធុនធំ បើកលឿនពេក បុកកិនតែម្តង ក្រោយបង្កហេតុរួច តៃកុងរថយន្តបានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៩ និង០៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវលំ ចំណុចភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីនគរបាល បានស្រង់ពីអ្នកឃើញហេតុការណ៍ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-4020 អ្នកបើកបរមិនស្គាល់ឈ្មេាះ និងទីលំនៅ (ក្រោយបង្កហេតុរួចបានចុះរត់គេចខ្លួនបាត់ស្រមោល) ដែលគេដឹងថា បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកកិនមនុស្សម្នាក់ បណ្តាលអោយបែកក្បាលប្រកាច់ស្លាប់ភ្លាមៗ។ ជនរងគ្រោះត្រូវបានគេឲ្យដឹងថាមានឈ្មោះ ឌុល បញ្ញា ភេទប្រុស អាយុ២១ ឆ្នាំជាសិស្ស រស់នៅភូមិព្នាយ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងដើរឆ្លងផ្លូវពីជើង ទៅត្បូង បណ្តាលអោយបែកក្បាលប្រកាច់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុនគរបាលជំនាញ បានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ។ ចំពោះសពយុវជនខាងលើ នគរបាលបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្កហេតុ បានខូចខាតកំរិតស្រាលនោះទេ។ ចំពោះវត្ថុងតាងរថយន្តបង្ដ នគរបាលបានបើកយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ អ៊ុ ណូន






