ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើលោក Lam Chun-wah, Parson ជានាយកនៃការិយា ល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង មានទីស្នាក់ការនៅទីក្រុងបាងកកពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា។
លោកនាយក Lam Chun-wah, Parson បានបញ្ជាក់អំពីគោលបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការលើកកម្ពស់ការវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល មានដូចជា ឱសថ ផលិតផលសុខភាព ឧបករណ៍វេជ្ជសាស្ត្រ និងការគ្រប់គ្រងមន្ទីរពេទ្យបែបទំនើប។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរដល់ភាគីមិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា តាមរយៈការជួយធ្វើទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI ឬការផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងពិចារណាពីលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យឯកជនលំដាប់អន្តរជាតិ។ ពិសេសបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្សគ្រប់គ្រាន់ ការចែករំលែកគំនិត និងចំណេះដឹងក្នុងកាលើកទឹកចិត្តបុគ្កលិកសុខាភិបាលឱ្យស្ម័គ្រចិត្តអាចបំពេញការងារនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងស្វាគមន៍ដល់ការចែករំលែកបទពិ សោធន៍ ស្ដីពីការផ្តល់សេវាសុខាភិបាលតាមរយៈប្រព័ន្ធពិនិត្យជំងឺពីចំងាយ និងការអភិវឌ្ឍន៍ Digital Health។
ជាការឆ្លើយតប លោកនាយកប្រធានប្រតិភូ បានពិចារណាគិតគូពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងស្វាគមន៍អញ្ជើញគណៈប្រតិភូក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោក នាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុងដែលបានបញ្ជាក់ជំហរ ក្នុងការរួមចំណែកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕