
រាជធានី ភ្នំពេញ៖ នារសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បាន ទទួលជួបអ្នកសារព័ត៌មាន និងផ្តល់បទសម្ភាសន៍ក្នុងសន្និសីទ សារព័ត៌មាន ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤។
គោលបំណងនៃសន្និសីទសារព័ត៌មាននេះ គឺ ដើម្បីផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក៏ដូច ជា បកស្រាយនូវ រាល់ ចម្ងល់ មន្ទិលសង្ស័យ ភាពស្រពិច ព្រពិលពាក់ព័ន្ធនឹងការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ ២០២៤ ដោយ ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់ ថា ក្រសួង និង ភាគីពាក់ព័ន្ធទាំងអស់ នឹងបន្ត ខិតខំប្រឹងប្រែង ក្នុងការ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយគោរពតាមគោលទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះជាប់”។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួល បានលទ្ធផលល្អក្នុងការប្រឡង ហើយសូមឱ្យឪពុកម្តាយ អ្នកអាណា ព្យាបាលជួយគាំទ្រជំរុញកូនៗឱ្យរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងថ្លែងអំណរគុណដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសហការគ្នាបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំដំណើរការប្រឡងតាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ និងស្នើឱ្យបន្តប្រឹងប្រែងបន្ថែមទៀតដើម្បីឈានទៅសម្រេចបេសកកម្មរួមរបស់យើងដោយជោគជ័យ ឆ្ពោះទៅលើកម្ពស់វិស័យអប់រំ និងមូលធនមនុស្សនៅកម្ពុជា។
បន្ថែមពីនេះ ដើម្បីរក្សា បាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យ បានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួង មហាផ្ទៃ ក្រសួង សុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្តចំនួនពីរដង គឺលើកទី១ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។
វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗមាន៧ មុខវិជ្ជា។
ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែល ត្រូវចែកជូនបេក្ខជន។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំង អស់ ត្រូវ គោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិច ត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
បេក្ខជន នឹងត្រូវបានកំណត់ ឱ្យ ធ្លាក់ ជា ស្វ័យ ប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ៕

