រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណង ដល់កម្មវិធីស្បៀង អាហារពិភពលោកប្រចាំនៅកម្ពុជា សម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រ ការស្តារឡើងវិញរបស់សហគមន៍មូលដ្ឋាន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ ពិធីចុះហត្ថលេខា ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមវត្តមានឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានចូលរួមផ្តល់សក្ខីភាព បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រ ការស្តារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដល់កម្មវិធីស្បៀងអាហារពិភពលោក។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ប្រទេសកម្ពុជាបានរងឥទ្ធិពលពីគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ និងបានធ្វើឲ្យប៉ះពាល់ជាច្រើនគ្រួសារនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបានប៉ះពាល់យ៉ាងខ្លាំងដល់ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។
តាមរយៈគម្រោងនេះ កម្មវិធីស្បៀង អាហារពិភពលោកនេះ នឹងសហការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.អ. ប និងដៃគូនានា ដើម្បីធ្វើការវាយតម្លៃគ្រប់ជ្រុង ជ្រោយ ទៅលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងតំបន់រង គ្រោះដោយទឹកជំនន់ និងគាំទ្រដល់ការស្តារសហគមន៍ឡើងវិញ តាមរយៈការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងការពង្រឹងសមត្ថភាពធ្វើផែនការ និងចំណេះដឹងមូលដ្ឋានស្តីពីសន្តិសុខស្បៀង ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះមហន្តរាយ ដែលគម្រោងនេះ បានកំណត់គោលដៅនៅក្នុងឃុំចំនួន១៦ នៅក្នុងខេត្តបាត់ដំបង ពោធី៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។
ឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានទទួលរងនូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់ប្រជាជនមួយចំនួនធំ ដូចជា បង្កឲ្យមានការបាត់បង់ជីវិត និងការខូចខាតផ្នែករូបវ័ន្តទៅលើទ្រព្យសម្បត្តិជាច្រើន។
ក្នុងនេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ផ្តល់ក្តីសង្ឃឹមដោយស្មោះថា គម្រោងនេះនឹងកាត់បន្ថយផលប៉ះ ពាល់ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារ និងសហគម ន៍ដែលរងគ្រោះដោយទឹកជំនន់»។
លោកស្រី Claire CONAN បានលើកឡើងថា ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះ ដែលរស់នៅក្នុងសហគមន៍ដែលងាយជន់លិចដោយទឹក ជំនន់ និងបានប៉ះពាល់ទៅលើជីវភាព និងប្រព័ន្ធស្បៀងរបស់ពួកគាត់ ហើយជំនួយនេះនឹងជួយការពារពួកគាត់ពីវិបត្តិនាពេលអនាគត»។
លោកស្រីបន្ដថា ក្នុងអំឡុងពេលមួយទសវត្សកន្លងមកនេះប្រទេសកម្ពុជាបានរងផលប៉ះ ពាល់ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរចំនួន៤លើក។ លើកចុងក្រោយបង្អស់នៅក្នុងខែតុលាឆ្នាំមុន ទឹកជំនន់បានបង្កឱ្យក្រុមគ្រួសារ ចំនួន១ម៉ឺន៤.២៩៩គ្រួសារ ផ្លាស់ប្ដូរទីលំនៅនិងប៉ះពាល់ដោយផ្ទាល់ទៅលើក្រុមគ្រួសារចំនួន ១៧៦. ០០០គ្រួសារ (ជិត៨០០.០០០នាក់) ក្នុងខេត្តចំនួន១៤។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៨មក រដ្ឋាភិបាលជប៉ុន គឺជាដៃគូដ៏សំខាន់របស់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានចូលរួមវិភាគទានចំនួន២២លានដុល្លារអាមេរិកក្នុងអំឡុងពេល១០ឆ្នាំកន្លងមកនេះ តាមរយៈជំនួយជាសម្ភារៈ (អង្ករ និងត្រីកំប៉ុង) និងជំនួយជាទឹកប្រាក់ ក្នុងការគាំទ្រលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
ដោយ ឡែក នៅឆ្នាំ២០១៩ ប្រទេសជប៉ុនបានចូលរួមវិភាគទានចំនួន២,៧លានដុល្លារអាមេរិក ដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីលើកកម្ពស់កសាងភាពធនធានរបស់សហគមន៍នៅកម្ពុជាដើម្បីទប់ទល់នឹងវិបត្តិ និងកសាងសមត្ថភាពស្ថាប័នក្នុងការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះ អាសន្ន៕






