ខេត្ដព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងរថយន្ត បើកបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្សប្រុសស្រី2នាក់ប្តីប្រពន្ធ ស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី28 ខែសីហា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ១ ចម្ងាយពីគល់ស្ពានអ្នកលឿងត្រើយខាងកើត ប្រហែល150ម៉ែត្រ ស្ថិតក្នុងភូមិព្រែកខ្សាយជើង ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្តម៉ាកហីុយុនដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C.8836 បើកបរដោយឈ្មោះ ស៊ុត សាវុធ ភេទប្រុស អាយុ40ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅខេត្តកំពត បើកបរក្នុងទិសដៅពីលិច ទៅកើត។ ឯម៉ូតូរងគ្រោះ ម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខកណ្តាល 1R.1594 បើកបរដោយឈ្មោះ ខឹម សុីឃឿន ភេទប្រុស អាយុ38ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ ទិសដៅពីកើតទៅលិច។ អ្នករួមដំណើរឈ្មោះ ឆាយ សុភា ភេទស្រី អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ ក៏ស្លាប់នៅកន្លែងកើតហេតុដែរ។
ក្រោយពីបុកម៉ូតូរួច រថយន្តបានជ្រុលទៅបុករះរបាដែកសុវត្ថិភាព តាមជាយផ្លូវចំនួន 7កង់ទៀត ទើបអស់ល្បឿន។
ក្រោយកើតហេតុ សាកសពអ្នកទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរថយន្ត និងម៉ូតូ បានយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលព្រែខ្សាយ(ក)។
ចំពោះមូលហេតុនៃគ្រោះថ្នាក់គឺ ដោយសាររថយន្តដឹកកញ្ចក់ ដាច់ទុយោហ្រាំ្វង ភ្លៀវចង្កូត ទើបបណ្ដាលឲ្យទៅបុកម៉ូតូកំពុងបើកបរនៅខាងស្តាំដៃ៕ ដោយសុឹម សាន់










