សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យសមាគម មិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជន ដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែន។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានសមាគមមិត្ត ភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ ២០២៤ ។
ឯកឧត្តម ខាំបៃ ដាំឡាត់ បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនកាន់តែប្រសើរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីមកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗមួយចំនួន និងរចនាសម្ព័ន្ធរបស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមមិត្ត ភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរចំពោះឯកឧត្តមប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគម មិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។ ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀតរបស់ប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្ម ភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន៕






