អាហ្វហ្គានីស្ថាន៖ ការទម្លាក់គ្រាប់បែកដោយកងទ័ពប៉ាគីស្ថាន នៅក្នុងខេត្តប៉ាក់ទីកា ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦ នាក់ ភាគច្រើនក្នុងចំណោមជនរងគ្រោះ គឺជាស្ត្រី និងកុមារ។ អ្នកនាំ ពាក្យរងរបស់ក្រុមតាលីបង់ លោក ហាមឌុលឡា ហ្វ៊ីត្រាត បានបញ្ជាក់ថា សកម្មភាពនៃការបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅទីតាំងចំនួន ៤ នៅក្នុងប្រទេសអាហ្វហ្គានី ស្ថាន ដោយបន្ថែមថា មនុស្សចំនួន ៦នាក់ផ្សេងទៀត បានទទួលរងនូវរបួសផងដែរ។ ប្រភពអនាមិកពីមន្ត្រីប៉ាគីស្ថានម្នាក់ បានប្រាប់ថា ប៉ាគីស្ថាន បានធ្វើការវាយប្រហារតាមអាកាសដោយសំដៅលើជំរុំរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ។
ក្រុមតាលីបង់ប៉ាគីស្ថាន ឬ TTP មានទំនាក់ទំនងជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ប៉ុន្តែមិនមែនជាផ្នែកមួយរបស់ក្រុមតាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននោះទេ ដោយក្រុម TTP ព្យាយាមដាក់ច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹងនៅក្នុងប្រទេសប៉ាគីស្ថាន ស្រដៀងគ្នាទៅនឹងសកម្មភាពរបស់ក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន នៅតែបន្តមានភាពតានតឹងឥតឈប់ឈរ ដោយប៉ាគីស្ថាន បានចោទ ប្រកាន់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន ថាបានអនុញ្ញាតឱ្យក្រុមតាលីបង់ប៉ាគីស្ថាន ឬ TTP បើកការវាយប្រហារចេញពីទឹកដីអាហ្វហ្គានីស្ថាន។
ផ្ទុយពីនេះ ក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានធ្វើការច្រានចោលនូវរាល់ការចោទ ប្រកាន់ទាំងអស់នេះ ៕






