បាត់ដំបងៈអាជ្ញាធរមួលដ្ឋានបិទផ្សារស្រុកមោងឬស្សីមិនឲ្យលក់ដូរពេញមួយថ្ងៃ បានធ្វើការលាងសំអាតធ្វើ
អនាម័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដែលបានរកឃើញជាបន្តបន្ទាប់និងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ។
ការធ្វើអនាម័យលាងសំអាតផ្សារមោងឫស្សីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ខែមិនាឆ្នាំ២០២០។
លោក ទេព ហន អភិបាលស្រុកមោងឫស្សី មានប្រសាសន៍ថាដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ រដ្ឋបាលស្រុកមោងឬស្សីនិងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានចុះផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ ១៩នេះ នៅទូទាំងភូមិឃុំ រួមទាំងចុះស្រង់ស្ថិតិពលករខ្មែរ ទើបត្រឡប់ពីក្រៅប្រទេស ពិសេសមកពីថៃ ពន្យល់ពួកគេឲ្យយល់ដឹងពីវិធីបង្ការនិងដាក់ខ្លួនដាច់ដោយឡែកពីក្រុមគ្រួសារមួយរយៈពេល។
អាជ្ញាធរស្រុកក៏បានធ្វើការលាងសម្អាតតាមផ្លូវនិងបិទផ្សារដែលការបិទនេះ មិនមានន័យថាបិទរហូតនោះទេគឺបិទដើម្បីលាងសម្អាតតែមួយថ្ងៃប៉ុណ្ណោះ ។
ក្រុមអាជីវករ បានចូលរួមសហការនិងសម្ដែងការគាំទ្រ ព្រោះពួកគាត់ក៏ចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ផងដែរ ។
ពលរដ្ឋនិងអាជីវករ បាននិយាយថាពួកគាត់ពុំសូវមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩នោះទេ ព្រោះបានអនុវត្តតាមការណែរនាំរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើអនាម័យខ្លួនឯង មិនឲ្យឆ្លងជំងឺនេះហើយឃើញអាជ្ញាធរ ខេត្ត បានចុះផ្សព្វផ្សាយយ៉ាងផុលផុស ពីការទប់ស្កាត់និងបង្ការផងដែរ។
គួរបញ្ជាក់ផងដែរថាបើគិតត្រឹមថ្ងៃទី២៦ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងប្រទេសចំនួន ៩៨នាក់និងបានព្យាបាលជាសះស្បើយចំនួន ១១នាក់ ខណៈខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺនេះចំនួន ៨នាក់និងជាសះស្បើយចំនួន២នាក់ ៕