ខេត្តប៉ៃលិន៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល និងប្រតិភូ បានបន្តធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពល រដ្ឋ នៅមណ្ឌលសុខភាពអូរច្រា ខេត្តប៉ៃលិន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបា ល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យស្ត្រីទើបសម្រាលកូនរួច សូមបំបៅកូនដោយទឹកដោះដំបូងរបស់ម្តាយ ដើម្បីចាប់ផ្តើមនូវការលូតលាស់ដ៏ល្អបំផុតក្នុងដំណាក់កាលដំបូង និងបង្កើនភាពស៊ាំដល់កុមារតូច។
ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្រ្តីសុខាភិបាលទាំងអស់ សូមបង្កើនការខិតខំបន្ថែមទៀត ពិសេសគឺការពង្រឹង សាមគ្គីភាព ការតម្កល់ខ្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបន្តចូលរួមរៀនសូត្រ ចូលរួមវគ្គបណ្តុះបណ្តាលតាមគ្រប់រូបភាព ដោយធានាបានសមត្ថភាពបម្រើសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌៕
អ៊ូងសុភារុន






