កណ្តាល ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូល បានធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនោះបានរាយ ខ្សែលួសឆក់ការពារកណ្តុរកុំឱ្យស៊ីស្រូវ ប៉ុន្តែបែរជាឆក់បុរសម្នាក់បណ្តាលឱ្យស្លាប់ដោយអចេតនា គ្រាដែលជនរងគ្រោះដើរ ទៅមើលសន្ទូងក្នុងដីរបស់ខ្លួនដែលមានព្រំជាប់គ្នាជាមួយដីជនសង្ស័យ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ប្រមាណជិត៣ទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ដីស្រែប្រាំងរបស់ឈ្មោះ ស៊ឹម ម៉ាប់ ក្រោយភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ចស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះក្នុងករណីខាងលើមានឈ្មោះ វ៉ាយ ទឹម ភេទប្រុស អាយុ៥៦ឆ្នាំ
រស់នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពា ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកសិករ (ស្លាប់) ។ ចំណែក ជនសង្ស័យ ឈ្មោះ ស៊ឹម ម៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយជនរងគ្រោះ។
នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញ អាគុយម៉ាក BB N70L ចំនួនមួយ អាំងវរ័ទរ័ ០១គ្រឿង ខ្សែលួសពណ៌ស ប្រវែង១២០ម៉ែត្រ និងជន្ទុលឬស្សីខ្លីៗមួយចំនួន ។
ប្រភពព័ត៌មានពីសាក្សីបាននិយាយថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានយកអាគុយ៧០អាំពែ ម៉ាកBBC
និងអាំងវ៉ាទ័រ ទៅរាយឆក់កណ្ដុរនៅកន្លែងកើតហេតុ លុះដល់ម៉ោង១០យប់ មេឃធ្លាក់ភ្លៀង ជនសង្ស័យបានសារឧបករណ៍ ឆក់ទាំងនោះមកផ្ទះវិញ លុះដល់ម៉ោងជិត៣ ទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ជនសង្ស័យបានយកឧបករណ៍ទៅរាយឆក់កណ្ដុរ បន្តទៀតក្រោយពីរាយរួចបានប្រហែល០១ម៉ោង ជនសង្ស័យបានដើររើសសត្វកណ្ដុរ ស្រាប់តែឃើញជនរងគ្រោះដើរមក មើលសន្ទូងរបស់ខ្លួនដែលនៅជាប់ព្រុំដីជនសង្ស័យខាងជើង ពេលនោះជនសង្ស័យឃើញជនរងគ្រោះដើរចូលមក ហើយស្រែកប្រាប់ថា(ខ្ញុំមិនទាន់ដោះអាគុយទេ) តែជនរងគ្រោះមិនលឺនៅតែដើរចូលមកបន្តទៀត ជិតដល់ខ្សែលួស ជនសង្ស័យ ភ័យក៏រត់ទៅដោះដង្គៀបចេញពីក្បាកអាគុយរួចងាកទៅមើលជនរងគ្រោះឆក់ដួលបាត់ទៅហើយ
បន្ទាប់មក ជនសង្ស័យបានមកជួយធ្វើចលនាអោយជនរងគ្រោះ តែជនរងគ្រោះស្លាប់បាត់ហើយ។ រហូតដល់វេលា ម៉ោង៦ព្រឹក កូនជនរងគ្រោះនិងបងប្អូនក្នុងភូមិបាននាំគ្នាយកសពជនរងគ្រោះ មកតំកល់ទុកនៅផ្ទះជនរងគ្រោះ ហើយរាយការណ៍មកសមត្ថកិច្ចប៉ុស្តិស្វាយអំពារតែម្តង។
ក្រោយពេលទទួលបានព័ត៌មាន កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍ និងអជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសពឃើញថា នៅលើបាតដៃខាងស្ដាំនៃសព មានស្នាមខ្លោចប្រវែង០៧ សម និងចង្អុលដៃស្ដាំ មានស្នាមរយ:ខ្លោចប្រវែង០៣ សម ក្រៅពីនោះ ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនី (ឧបករណ៍ឆក់សត្វកណ្ដុរ) បណ្ដាលអោយស្លាប់ ពិតប្រាកដមែន ៕ ដាំ ជា