សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងការពារជាតិ និងក្រសួង មហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតកូនចៅប៉ូលីស និងអតីតកូនចៅអាវុធហត្ថផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ អាទិភាពបែបនេះ ដើម្បីលើកទឹកចិត្តដល់អតីតយុទ្ធជន អតីតប៉ូលីស និងអតីតអាវុធហត្ថ តាមរយៈការផ្តល់ឱកាសឲ្យកូនចៅពួកគាត់បានបន្តវេនបម្រើជាតិ ប៉ុន្តែការផ្ដល់អាទិភាពនេះ មិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតា មិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ពលិកម្មប្រកប ដោយស្មារតី ស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិ សាស្ត្របាន រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួង ការងារ គិតគូរដល់អតីតយុទ្ធជន ដែលនៅមានកម្លាំង និងកូនចៅ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈកម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី- ខេត្ត និងបន្តចុះប្រមូលទិន្នន័យ អំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ, និងរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឲ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខុមាលភាព អតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរ។
សូមជម្រាបថា បច្ចុប្បន្នអតីតយុទ្ធជនមានចំនួន ១០៩,០៣៤នាក់ និងអ្នកនៅក្នុង បន្ទុកចំនួន ១៤៩,០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែ សម្រួលជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ៕






