ស្រីលង្កា៖ នាយកដ្ឋានស្ថិតិ បាននិយាយថា អតិផរណាអ្នកប្រើប្រាស់នៅក្នុងប្រទេសស្រីលង្កា បានកើនដល់៧០.២ភាគរយ នៅក្នុងខែសីហា ខណៈដែលប្រទេសកោះនេះ កំពុងបន្តនៅក្រោមវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នាយកដ្ឋានជំរឿន និងស្ថិតិ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាតិ (NCPI) បានកើនឡើង ៧០.២ភាគរយ កាលពីខែមុនធៀបនឹងឆ្នាំមុន បន្ទាប់ពីការកើនឡើង៦៦.៧ភាគរយនៅក្នុងខែកក្កដា។ តម្លៃអាហារបានកើនឡើង៨៤.៦ភាគរយខណៈដែលតម្លៃទំនិញមិនមែនម្ហូបអាហារបានកើនឡើង៥៧.១ភាគរយ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានធ្លាក់ចុះ៨.៤ ភាគរយនៅក្នុងត្រីមាស រហូតដល់ខែមិថុនា ធៀបនឹងឆ្នាំមុន ជាការធ្លាក់ចុះដ៏ខ្លាំងបំផុតមួយ ក្នុងរយៈពេលបីខែ ចំពេលកង្វះខាតថាមពល និងប្រេងឥន្ធនៈ។ កាលពីដើមខែប្រទេសនេះ ក៏បានឈានដល់កិច្ចព្រមព្រៀងបឋម ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិសម្រាប់ប្រាក់កម្ចីប្រហែល ២.៩ពាន់លានដុល្លារ ដោយរំពឹងថា ខ្លួនទទួលបានការធានាហិរញ្ញវត្ថុពីម្ចាស់បំណុលផ្លូវការ និងការចរចាជាមួយម្ចាស់បំណុលឯកជន៕
ប្រែសម្រួលដោយ ប៊ុន សុភាព






