(ខេត្តព្រះសីហនុ,ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនបុគ្គលិកជំនាញ អមដោយអូប័រល្បឿនលឿនចំនួន២គ្រឿងបន្ថែមទៀត សរុបមានចំនួន៤គ្រឿង ឲ្យទៅសហការជាមួយកងកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីចុះជួយស្វែងរកបុរសរងគ្រោះម្នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុង
សមុទ្រទឹកជ្រៅពេលចេញទៅធ្វើនេសាទ នៅលើលំហសមុទ្រខាងក្រៅកោះរ៉ុង ដោយបានបាត់ខ្លួន ចាប់តាំងពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០មកម៉្លេះ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានធ្លាក់ចូលក្នុងសមុទ្រ បាត់ខ្លួន កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុច ខាងត្បូងឈៀងខាងលិច ពយភ្លើងស៊ីញ៉ូ (កោះរ៉ុងសន្លឹម) ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។សាក្សីអ្នករួមដំណើរជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គេឃើញបុរសរងគ្រោះរូបនេះ បានលោតចេញពីទូក ពេលបោះយុថ្កា រៀបចំដាំបាយចំអិនម្ហូបសម្រាប់ទទួលទាន ដូចរាល់ដង ហើយក៏បានបាត់ខ្លួនរហូត ដោយមិនឃើញជនរងគ្រោះឡើងមកលើទូកវិញទេ។

ចំពោះករណីនេះ សមត្ថកិច្ចស្ថាប័នជំនាញ កំពុងបន្តចុះស្រាវជ្រាវ ដើម្បីស្វែងរកបុរសរងគ្រោះខាងលើដោយយកចិត្តទុកដាក់។
ដោយឡែកសម្រាប់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដ
បតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) ក៏បានចុះពិនិត្យផ្ទាល់ ហើយបានបែងចែកក្រុមអូប័រល្បឿនលឿនចែកចេញជា៤គោលដៅផ្សេងគ្នា ដើម្បីស្វែងរកជនរងគ្រោះជាបន្តទៀត នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហានេះ៖
– គោលដៅទី១ កោះរ៉ុង
– គោលដៅទី២ កោះរ៉ុងសន្លឹម
– គោលដៅទី៣ កោះថាស កោះពស់
– គោលដៅទី៤ តាមអូរឈើទាល រហូតដល់កោះស្រមោច ។
យ៉ាងនេះក្តី គេមិនទាន់ដឹងពីជោគវាសនា របស់ជនរងគ្រោះ ថាអាចនៅមានជីវិតរស់នៅ ឬក៏បែបណានៅឡើយទេ៕
ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)






