ការរស់នៅប្រកបដោយសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ត្រូវតែគិតគូរនិងយកចិត្តទុកដាក់បំផុត មិនថារស់នៅទីតាំងណាមួយ ឬកំពុងរស់នៅលើអគារចាស់ទ្រុឌទ្រោមណាមួយនោះលើយ។

ជាក់ស្តែង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើអគារអង្គរជ័យ មានទីតាំងនៅទល់មុខអតីត អគារពាណិជ្ជកម្ម ប៊ីអេស ជាអគារមួយមានសភាពចាស់ទ្រុឌ ទ្រោម មានអាយុកាល៧០ឆ្នាំមកហើយនោះ មកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយឲ្យបានសមស្រប ចៀសវាងបាននូវហានិភ័យផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អគារមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម ប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោម មានអាយុកាល ៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយថាហេតុ។ ដោយមើលឃើញពីស្ថានភាព នៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ ហៅប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងអគារនេះ មក ពិភាក្សារកដំណោះស្រាយ ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។

ឯកឧត្តមបញ្ជាក់ថា ការអញ្ជើញប្រជាពលរដ្ឋមកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្របណាមួយដែលអាចទទួលយកបាន។
អាជ្ញាធររាជធានីភ្នំពេ ញ រក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ និងម្យ៉ាងទៀត គឺដើម្បីរក្សាការពារនូវអាយុជីវិត ដោយប្រជាពលរដ្ឋមិនអាចរស់អគារនេះបានតទៅទៀតបាននោះទេ។

ឯកឧត្តមអភិបាល បានបន្ថែមថា ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបើប្រជាពលរដ្ឋជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ អាចរកម៉ូយមកទិញអគារនេះ ឬ ក៏អាចឱ្យប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នា ដើម្បីធ្វើការជួសជុលអគារនេះឡើង វិញ «អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះ ជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់ បែបសព្វ ថ្ងៃនេះនោះទេ»។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋមួយ ចំនួន ក៏បានលើក ឡើងពីបំណងរបស់ពួកគាត់និងបានទទួលស្គាល់ថា អគារខាងលើពិតជាមានសភាពចាស់ទ្រុឌ ទ្រោមពិតមែន និងស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ របៀបដូចជាជួសជុល ឬក៏ការដោះស្រាយដូចអគារនៅប៊ូឌីង។

គួរបញ្ជាក់ថា អគារទ្រុធទ្រោមខាងលើនេះ មានប្រជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារស្មើនឹង១០១បន្ទប់ ហើយក៏ធ្លាប់ត្រូវបានអាជ្ញាធរ សង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសេចក្តីជូនដំណឹងអំពីស្ថានភាព អគារចាស់ទ្រុឌ ទ្រោមនេះជាច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្បីឱ្យប្រជាពលរដ្ឋត្រៀមខ្លួន និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយ ឲ្យបានសមស្រប ដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយ និងជៀសវាងបាននូវហានិភ័យ ដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ៕






