
កម្មករប្រមូលសំរាម នៃក្រុមហ៊ុនស៊ិនទ្រីជាង២ពាន់នាក់ បានសម្រេចចិត្តទាំងអស់គ្នា ចុះប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញទាំងមូលឡើងវិញ នៅរសៀលថ្ងៃនេះ បន្ទាប់ ពីមានការសម្របសម្រួលពីអភិបាលរាជធានីភ្នំពេញ ដោយមិនអោយបាត់បង់ការងារនោះឡើយ។
ក្នុងកិច្ចប្រជុំដោះស្រា យជាមួយក្រុមហ៊ុនស៊ិនទ្រី និងជួបសំណេះសំណាលជាមួយកម្មករប្រមូលសំរាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២០ នៅទីតាំងក្រុមហ៊ុនស៊ិនទ្រី ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា នៅល្ងាចនេះ ពួកគាត់នឹងចាប់ផ្តើមប្រមូលសំរាមនៅទូទាំងរាជធានីភ្នំពេញឡើង បន្ទាប់ពួកគាត់ ធ្វើ បាតុកម្មមិនបានប្រមូលសំរាម កាលពីថ្ងៃទី២ ខែតុលា កន្លងទៅ។
ឯកឧត្តម ឃួង ស្រេង អោយដឹងថា បន្ទាប់ពីបានសម្រប សម្រួល និងដោះស្រាយ ចំពោះសំណើររបស់បងប្អូនកម្មករនិយោជិតចំនួន៥ចំណុច ដែលបានស្នើសុំ ដោយក្រុមហ៊ុនស៊ិនទ្រី ជាអ្នកទទួលខុសត្រូវតាមច្បាប់ជាធរមាន ហើយរដ្ឋបាលរាជធានីភ្នំពេញ ធានាខុសត្រូវ។
ចំពោះការងាររបស់បងប្អូនកម្មករនិយោជិតទៅខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនអោយបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ិនទ្រីដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ។ បងប្អូនកម្មករនិយោជិត ទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃរសៀលថ្ងៃទី៧ ខែតុលា នេះតទៅ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏សន្យាថា ក៏មិនកាត់ប្រាក់ខែ ដែលកម្មករមិនបានធ្វើការងារប៉ុន្មានថ្ងៃ អំឡុងធ្វើបាតុកម្មនោះដែរ។ ចំពោះសំណើរទាំង៥ចំណុចដែលបងប្អូនកម្មករប្រមូលសំរាមទាមទារ អោយដោះស្រាយជូនមាន ប្រាក់បំណាច់អតីតភាពការងារ, ប្រាក់សំណងជំងឺចិត្ត, ប្រាក់ជួសការជូនដំណឹងមុន និងប្រាក់ខែចុងក្រោយ៕



