(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តម ម៉ៅ ធនិន បានដាក់កំហិតឱ្យក្មួយៗពលករខ្មែរទាំងអស់ ដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវអនុវត្ត ចត្តាឡីស័ក ដោយដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលបានកំណត់ ជាមួយនឹងការរៀបចំស្បៀងអាហារទទួលពួកគេឱ្យបានសមរម្យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ (Covid-19) ទៅដល់សហគមន៍។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០កាលពីម្សិលមិញ នៅវេទិកាសាលាខេត្ត ឯកឧត្ដម ម៉ៅ ធនិន បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច ត្រូវធ្វើការត្រួតពិនិត្យ និងបិទការធ្វើដំណើរចេញចូល ឬឆ្លងកាត់ នៅច្រកព្រំប្រទល់ទាំង៧ រវាងខេត្តពោធិ៍សាត់ ជាមួយខេត្តជាប់ព្រំប្រទល់ទាំងអស់ លើកលែងតែករណី៦ចំណុច ដែលមានចែងក្នុងបទបញ្ជា ០២ របស់រាជរដ្ឋាភិបាល រួមមាន៖
ឯកឧត្ដម ម៉ៅ ធនិន បានបន្ថែមថា រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង សម្រាប់ទុកប្រជាពលរដ្ឋ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មានចំនួន២ទីតាំង ដែលក្នុងនោះមាន មណ្ឌលសុខភាពកណ្តៀង ក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ លើ២បន្ទប់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ចំនួន៩០គ្រែ លើ៩បន្ទប់ ក្នុងនោះមានគ្រូពេទ្យជំនាញពិនិត្យសំណាក ចំនួន១៦នាក់ គ្រូពេទ្យពិនិត្យជំងឺទូទៅ ចំនួន៦៥នាក់ និងឡានពេទ្យ ចំនួន៥គ្រឿង។
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តបានខិតខំគ្រប់បែបយ៉ាង ដើម្បីគៀងគររកអំណោយសប្បុរសធម៌ មកផ្គត់ផ្គង់ជាស្បៀង សម្ភារៈប្រើប្រាស់ គ្រឿងបរិក្ខាពេទ្យ ដល់ទីតាំងកំណត់ចត្តាឡីស័ក ជាពិសេសពលរដ្ឋដែលខ្វះខាតជាក់ស្តែង បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)នេះ៕






