មកទល់ពេលនេះ យ៉ាងហោចណាស់ក៏មានពលករចំណាកស្រុកប្រមាណជាង ៨ម៉ឺន ៥ពាន់នាក់ បានវិលត្រឡប់មកកាន់កម្ពុជាវិញពីបណ្តាប្រទេសនានា ជាពិសេសពីប្រទេសថៃ ដោយសារវិបត្តិកូវីដ១៩។
ពួកគាត់ កំពុងស្ថិតនៅរាយប៉ាយតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដែលពលករទាំង នោះមួយចំនួន គឺមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាពខ្លួនឯងសម្រាប់រយៈពេលវែងបាននោះទេ ។
នេះជាការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតប ទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺ កូវីដ១៩ នាទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២២ មេសា។
សម្តេចបញ្ជាក់ថា ពលករតែងតែងចង់ត្រឡប់ទៅប្រទេសគេវិញ ដើម្បីធ្វើការងារ និងបានប្រាក់ចំណូល តែសម្រាប់ ស្ថានភាពបច្ចុប្បន្ននេះ អាជ្ញាធរ មិនអាចអនុញ្ញាតឱ្យពួកគាត់ចេញចូល ឬឆ្លងកាត់ព្រំដែនបានឡើយ ព្រោះថា ថៃក៏បានបិទព្រំដែន ហើយថៃក៏មានបញ្ហាកូវីដធ្ងន់ធ្ងរនៅឡើយ។
ជាពិសេសថៃបានដាក់ប្រទេសរបស់គេឱ្យ ស្ថិតក្នុងគ្រាអាសន្នថែមទៀតផង ដូច្នេះហើយកម្មករចំណាកស្រុករបស់យើងមិនទាន់អាចវិលត្រឡប់ទៅ វិញបានទេក្នុងពេលនេះឡើយ ដែលនេះគឺជាបញ្ហាដែលយើងត្រូវរួមគ្នារកដំណោះស្រាយ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា បញ្ហាខាងលើ វាមិនមែនលំបាកសម្រាប់តែបង ប្អូនពលករចំណាកស្រុកដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញនោះទេ តែវាក៏ជាបញ្ហាសង្គមផង ដែរ ដែលនាំឱ្យរាជរដ្ឋាភិបាលបានចេញនូវវិធានការណ៍ និងគោលការណ៍ជាក់ស្តែងជាបន្តបន្ទាប់រួចមក ហើយដែរ ក្នុងនោះក្រសួងសុខាភិបាលគឺជាអ្នកនាំមុខក្នុងការទប់ស្កាត់ជំងឺនេះ។
ដោយឡែកក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ក៏បានចេញនូវសេចក្តីសម្រេចជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម មាន ន័យថា យន្តការនានាត្រូវបានរៀបចំឡើង និងបានដំណើរការមួយចំនួនធំរួចហើយ។






