(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២០)៖ បុរសម្នាក់ជាជាងតបណ្តាញអគ្គីសនីរបស់ក្រុមហ៊ុនអានកូ នៅវេលាម៉ោង០៣និង១០នាទីសៀល បានឡើងបង្គោលភ្លើងដើម្បីភ្ជាប់ប្រព័ន្ធភ្លើងនៅបង្គោលភ្លើងនៅចំណុចផ្លូវចូលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានភ្លាត់ស្នៀតត្រូវចរន្តអគ្គីសនីឆក់បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនរងគ្រោះ ឈ្មោះ ឈន សាវុធ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរជាបុគ្គលិកអគ្គីសនីក្រុមហ៊ុនអានកូ ។
លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះ និង អ្នករួមការងារចំនួន០៤នាក់ផ្សេងទៀតបានឡើងបង្គោលភ្លើង នៅចំណុចផ្លូវចូលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដៃដន្យភ្លាត់ស្នៀត ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យ រងរបួសធ្ងន់ ពេលនោះត្រូវបានមិត្តភ័ក្ត្ររួមការងារជួយដឹកទៅសង្រ្គោះភ្លាមៗ តែជាអកុសលត្រូវបានបាត់បង់ជីវិត ខណៈពេលដឹកដល់មន្ទីរពេទ្យពេទ្យបង្អែកក្រុងប៉ោយប៉ែត ។សពជនរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕






