គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈ កម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានបង្ហាញនូវលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់ខ្លួនក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ខែកក្កដារហូតដល់ថ្ងៃទី០២ខែសីហាឆ្នាំ២០២២ នេះនៅសណ្ឋាគា កាំបូឌីយ៉ាណា នៅរាជធានីភ្នំពេញ ។
កិច្ចប្រជុំពិសេសលើកទី១ របស់អាយឆានេះដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជា ប្រចាំអាយឆា និងមានការចូលរួមពីតំណាង តំណាងរងប្រចាំអាយឆា នៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ាន។
កិច្ចប្រជុំពិសេសនេះ បានពិភាក្សាបញ្ចប់ និងអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់អាយឆា និង សេចក្តីថ្លែងការណ៍របស់ប្រធានអាយឆា ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។
លទ្ធផលនៃកិច្ចប្រជុំនោះបានបង្ហាញថា កិច្ចប្រជុំបានឯកភាពក្នុងការបញ្ជូនអានុសាសន៍ទាំងឡាយ ដែលទទួលបានពីកិច្ចសន្ទនាថ្នាក់តំបន់៖ស្វ័យវាយតម្លៃលើវឌ្ឍនភាពរយៈពេល១០ឆ្នាំ របស់អាយឆាទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។ កម្មវិធី/សកម្មភាពអាទិភាព របស់អាយឆាឆ្នាំ២០២៣ ក៏ត្រូវបានពិភាក្សាបញ្ចប់សម្រាប់ ការបញ្ជូនទៅគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន(CPR) ហើយបន្តដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីអនុម័ត។ វឌ្ឍនភាពនៃការអនុវត្តកម្មវិធីនិងសកម្មភាពអាទិភាពនានារបស់អាយឆា ក៏ត្រូវបានលើកមកពិភាក្សារួមមាន៖ សិទ្ធិកុមារ សិទ្ធិមនុស្សនិងបរិស្ថាន ការជួញដូរមនុស្ស ធុរកិច្ច និងសិទ្ធិមនុស្ស សិទ្ធិទទួលបានទឹកស្អាតនិងអនាម័យ និងសិទ្ធិទទួលបានការអប់រំជាដើម។
កិច្ចប្រជុំក៏បានពិភាក្សាអំពីការត្រៀមរៀបចំកម្មវិធីខួប១០ឆ្នាំ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពី ការអនុម័ត AHRD កិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ាន និងកិច្ចសន្ទនាស្តីពីគោលនយោបាយសិទ្ធិមនុស្សអាស៊ាន-សហភាពអឺរ៉ុប លើកទី៤ ដែលគ្រោងនឹងរៀបចំធ្វើក្នុងឆ្នាំនេះ។ នៅក្នុងកិច្ចប្រជុំនេះតំណាងអាយឆា ក៏មានកិច្ចជំនួបប្រចាំឆ្នាំជាមួយអគ្គលេខាធិការអាស៊ាន, លោក Lim Jock Hoi ដោយបានពិភាក្សាទៅលើវឌ្ឍន ភាព ក្នុងការអនុវត្តផែនការការងារ៥ឆ្នាំ២០២១-២០២៥ របស់អាយឆា និងការបញ្ចូលសិទ្ធិមនុស្សទៅក្នុងដំណើរការនៃការស្តារឡើងវិញពីផលប៉ះពាល់ដែលបង្កឡើដោយជំងឺរាតត្បាតជាសកល។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ តំណាងអាយឆា មានកិច្ចជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន អំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចជំនួបនេះ បានផ្តល់ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរទស្សនៈគ្នាត្រង់ទៅត្រង់មក រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងអាយឆាទាំងអស់ លើស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់។ ដោយការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់អាយឆា និងការរួមវិភាគទានដ៏ចាំបាច់របស់អាយឆា ក្នុងការកសាងសហគមន៍អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ាន បានអះអាងជាថ្មីនូវការគាំទ្រដល់អាយឆា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។
អាយឆា ក៏បានធ្វើសេចក្តីថ្លែងការណ៍ និងបានបញ្ជូនរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់អាយឆា ទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងកិច្ចជំនួបនេះផងដែរ៕
ដោយ៖ សំអាត និង ពិសិដ្ឋ






