BBC៖ យ៉ាងហោចណាស់មនុស្ស ៣០នាក់ ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដីនៅអណ្តូងរ៉ែ ជេត (Jade) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
ទីក្រុងភ្នំប៉ាកាន ក្នុងរដ្ឋកាឈីន គឺជាកន្លែងជីករ៉ែត្បូងថ្មដ៏ធំបំផុត និងរកកម្រៃធំបំផុតរបស់ពិភពលោក។
ជនរងគ្រោះច្រើននាក់ត្រូវបានគេជឿថា ជាអ្នកស្រុក ជីកដីភក់តាមច្រាំងថ្មភ្នំ ភាគច្រើនធ្វើការ និងរស់នៅក្នុងរណ្តៅជីករ៉ែ ដែលគេបោះបង់ចោល។
សូមជម្រាបថា ការបាក់ដីគឺ ជារឿងធម្មតានៅក្នុងតំបន់នេះនៅពេលភ្លៀងមូសុងវាយប្រហារប្រទេសមីយ៉ាន់ម៉ាចន្លោះខែឧសភាដល់ ខែតុលា។ កាលពីខែកក្កដា ឆ្នាំ២០២០ ក៏មានមនុស្ស ១៦២ នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីក្នុងតំបន់ដូចគ្នា ខណៈគ្រោះថ្នាក់នៅឆ្នាំ២០១៥ បានធ្វើឱ្យមនុស្សជាង ១១០នាក់បានស្លាប់ផងដែរ។
ការជីកយករ៉ែ ជេត គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា។
រ៉ែនេះ ក៏ផ្តល់ហិរញ្ញប្បទានដល់កងទ័ពឯករាជ្យ កាឈីន ជាក្រុមប្រដាប់អាវុធជនជាតិភាគតិចទៀតផង។
ជាច្រើនឆ្នាំមកនេះ យោធា និងក្រុមបះបោរ កាឈីន (Kachin) បានប្រយុទ្ធដើម្បីគ្រប់គ្រងផ្នែកនេះនៃរដ្ឋ កាឈីន (Kachin) ដោយសារតែអណ្តូងរ៉ែ ចេត(Jade) របស់ខ្លួនដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៣០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕
ប្រែសម្រួលដោយ: ជ ង៉ា






