កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជា ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៥៣៨គ្រួសារ រស់នៅស្រុកបវេល ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព។ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយ និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុ ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្ត បាត់ដំបង សមា ជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ដែលផ្តល់អំណោយចំនួន៣ទីតាំងគឺ ៖ ទីតាំងទី១ នៅសាលាស្រុកបវេល ភូមិទំនប់ទឹក ឃុំបួវិល ស្រុកបវេល មានចំនួន ២៥៨ គ្រួសារ មកពី៨១ភូមិ ៨ឃុំ ស្រុកបវេល។ ទីតាំងទី២ នៅវត្តគីរីសង្វាពេជ្រ ស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានចំនួន ១៤០គ្រួសារ មកពី១៦ភូមិ ៣ឃុំ ស្រុកភ្នំព្រឹក និងទីតាងទី៣ នៅអនុសាខាស្រុកកំរៀង ស្ថិតនៅភូមិអូរដា ឃុំអូរដារ ស្រុកកំរៀង មានចំនួន ១៤០គ្រួសារ មកពី៣៧ភូមិ ៦ឃុំ ស្រុកកំរៀង។
ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានសូមបងប្អូនប្រជាពល រដ្ឋទាំងអស់ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឲ្យមានជម្រកមុស ដែលធ្វើកូនចៅបងប្អូនកើតជំងឺគ្រុនឈាម និងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរានិងកុមារដោយយថា ហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្ក បង្កើនផលនិងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។ បច្ចុប្បន្ននេះ ជំងឺភ្នែក ក្រហមកំពុងរាតត្បាតជាច្រើនខេត្តនៅប្រទេសកម្ពុជា ហេតុដូចនេះសូមបងប្អូនរក្សាអនាម័យលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ កុំប្រើប្រាស់សម្ភារៈរួមគ្នា ប្រសិនបើបងប្អូនឆ្លងជំងឺនេះ សូមបងប្អូនទៅពិនិត្យនិងពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញដែលនៅបងប្អូនបំផុតដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ ឯកឧត្តមវេជ្ជ. បានអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អ របស់មនុស្សជាតិ សត្វ និងធម្មជាតិជុំវិញខ្លួន ដែលត្រូវការចាំបាច់ណាស់នូវបរិស្ថានល្អ ពុំមានថង់ប្លាស្ទិក ហើយថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួង បរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។
ឯកឧត្តមវេជ្ជ. ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានយកចិត្តិទុក្ខដាក់ និងបានចុះពិនិត្យស្ថានភាពទឹកទំនន់ និងស្នើសុំជំនួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយ។ ឆ្លៀតក្នុងឱកាសនោះដែរ នៅទីតាំងទី២ ឯកឧត្តម បានប្រគេនថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនព្រះចៅអធិការវត្តគីរីសង្វាពេជ្រ ភ្នំតូច។ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៦ខ្នងផ្ទះ ដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន៕






